ករណីអនុប្រធានដែនជម្រកសត្វព្រៃស្រែពកប្រើរថយន្តស្លាកលេខរដ្ឋដែលប្រជាពលរដ្ឋថា ជម្រិតទារប្រាក់នោះត្រូវបានប្រធានអង្គភាពចាត់ទុកថាស្របច្បាប់

ខេត្តមណ្ឌលគិរី៖ ករណីដែលបែកធ្លាយជុំវិញបាតុភាពលោកទឹម ជឿន អនុប្រធានការិយាល័យដែនជម្រក សត្វព្រៃស្រែពក តែងតែជម្រិតទាប្រាក់ពីពលរដ្ឋរកស៊ីដឹកឈើបន្តិចបន្តួចនោះ ត្រូវបានការពារដោយលោក ស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។ យ៉ាងណាក៏ដោយ ពលរដ្ឋរំពឹងថា ក្រសួងបរិស្ថាន នឹងស៊ើបអង្កេតដល់ទីជម្រៅដើម្បីឲ្យឃើញ ស-ខ្មៅ និងចាត់វិធានការជាក់លាក់ ដូចដែលក្រសួងបរិស្ថានបានដកអនុប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីម្នាក់ឲ្យទៅឈរបៀមប៊ិក នៅក្រសួងយ៉ាងដូច្នោះដែរ។

រឿងរ៉ាវ លោកទឹម ជឿន ឬប្រជាពលរដ្ឋនៅតំបន់ដេអេ, ក៏ដូចជាតំបន់ដែនជម្រកសត្វព្រៃស្រែពកហៅថា មេជឿន កាក់ឃាត់ប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃនោះ មិនមែនទើបតែកើតឡើងក្នុងថ្ងៃនេះ ឬក្នុងរយៈពេលថ្មីៗនេះឡើយ។ ប៉ុន្តែទង្វើរបស់មេជឿនបានកើតឡើងយូរមកហើយ។ វាជាទង្វើដដែលៗ ដែលត្រូវគេមើលឃើញថា មិនមែនជាវិធានការដើម្បីទប់ស្កាត់បទល្មើស ឬរួមចំណែកការពារធនធានធម្មជាតិព្រៃឈើនោះឡើយ។ ផ្ទុយទៅវិញគឺជាវិធានការដើម្បីរកប្រាក់។

លោកទឹម ជឿន មិនធ្វើអត្ថាធិប្បាយ ឆ្លើយតបជាមួយអ្នកកាសែតទេ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំរុញឲ្យសួរទៅខាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីវិញ។

លោក ស៊ិន សត្ថា ប្រធានការិយាល័យដែលជម្រកសត្វ ព្រៃស្រែពក-ណាមលៀបានឆ្លើយតបថា យើងមិនបានចាប់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែយើងបានចាប់អ្នកប្រព្រឹត្តបទល្មើស។ អ្នកប្រព្រឹត្តបទល្មើសទាំងនោះត្រូវបានមន្ត្រីរបស់យើងបង្ក្រាប។ លោកប្រធានការិយាល័យបន្ថែមថា យើងធ្វើការជាក្រុម។ "លោកទឹមជឿនមិនមែនធ្វើការម្នាក់ឯងនោះទេ"។ លោកបានសង្កត់ធ្ងន់ថា នោះគ្រាន់តែជាការចោទប្រកាន់របស់ប្រជាពលរដ្ឋ ប៉ុន្តែសួរ ថា តើប្រជាពលរដ្ឋបានប្រព្រឹត្តល្មើសដែលឬទេ?។

លោក ទឹម ជឿន អនុប្រធានដែនជម្រកស្រែពក មានភរិយាជាមន្ត្រីឋានៈប្រធានការិយាល័យមួយនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ រថយន្តដែលលោកទឹម ជឿន ប្រើប្រាស់ដើម្បីប្រមាញ់ជម្រិតទារប្រាក់ពីអ្នកប្រព្រឹត្ត ល្មើសនោះ គឺជារថយន្តដែលថ្នាក់ដឹកនាំក្រសួងបរិស្ថានប្រគល់ជូនលោកស្រីជាភរិយា ដែលមានតួនាទីបុណ្យស័ក ដើម្បីបំពេញការងារ។ ប៉ុន្តែតាមរយៈទិដ្ឋភាពដែលបានឃើញនោះ គឺរថយន្តនោះក្លាយជាឧបករណ៍ នាំផ្លូវសម្រាប់ស្វែងរកលាបសក្ការៈផលប្រយោជន៍ពីបទល្មើសទៅវិញ។

រឿងរ៉ាវលើដងផ្លូវនិងក្នុងព្រៃ នៅដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ កំពុងបង្កឲ្យមានការចាប់អារម្មណ៍ជា ទូទៅស្របពេលដែលមានសេចក្តីរាយការណ៍ថា បទ ល្មើសនៃការដឹកជញ្ជូន,ការបំផ្លាញនិងរុករានដីព្រៃនៅតែកើតមានដូចដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអួតកាលពីថ្មីៗនេះអំពីលទ្ធផលដ៏ធំធេង ដែលខ្លួនបង្ក្រាបបាន ទាំងបទល្មើសការកាប់បំផ្លាញ,ការឈូសឆាយនិងការដឹកជញ្ជូន។ ការបង្ក្រាបបានយ៉ាងធំធេងនោះមាន ន័យថា បទល្មើសកើនឡើងច្រើន?។ ដូចដែលពលរដ្ឋនិងថ្នាក់ដឹកនាំបានធ្លាប់បានលើកឡើងកន្លងមកថាព្រៃឈើដែលនៅឈរ មិនការពារ នាំគ្នាទៅប្រមូលឈើដែលគេកាប់ហើយ ហើយនាំគ្នាអួតពីជោគជ័យ៕

អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚👇

Post a Comment

Previous Post Next Post