សមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញម្តាយទារកដែលត្រូវគេយកទៅផ្លុងចោល ក្នុងខណ្ឌដូនពេញ បានយ៉ាងរហ័ស

ភ្នំពេញ៖ ឆ្លើយតបយ៉ាងរហ័សចំពោះក្តីកង្វល់របស់សាធារណជន ករណីយកទារកទៅបោះបង់ចោលក្នុងធុងសំរាម កាលពីយប់ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវ២៤២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រកឃើញម្តាយបង្កើតហើយ។

នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ធេង សារ៉ាត ស្នងការរង ទទួលជួយដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវឈានដល់ការរកឃើញស្ត្រីជាម្តាយបង្កើតរបស់ទារក។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនស្ត្រីជាម្តាយមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបំភ្លឺជុំវិញមូលហេតុពិតប្រាកដ និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ទារករូបនោះត្រូវបានពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា និងកំពុងស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងមានសុវត្ថិភាព៕

Post a Comment

Previous Post Next Post