
Update ៖ បន្ទាប់ពីមានការជជែកដេញដោលយ៉ាងក្តៅគគុកជុំវិញដែនកំណត់នៃការអនុវត្ត «ច្បាប់ស្តីពីរបបសារព័ត៌មាន» និង «នីតិវិធីព្រហ្មទណ្ឌ» ពេលនេះ លោក ប៉ែន នួន ចាងហ្វាងគេហទំព័រសារព័ត៌មាន «ស្រទាប់យុវវ័យ» ត្រូវបានតំណាងអយ្យការ និងអាជ្ញាធរកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អនុញ្ញាតឱ្យត្រឡប់ទៅជួបជុំគ្រួសារវិញហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ការទទួលបានសេរីភាពត្រឡប់មកផ្ទះវិញនេះ បានធ្វើឡើងបន្ទាប់ពីលោក ប៉ែន នួន ត្រូវបានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានបទល្មើសព្រៃឈើ និងការយករូបថតថ្នាក់ដឹកនាំអាជ្ញាធរមកបង្ហោះ ដែលជាករណីបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មានជាតិ និងអ្នកតាមដានសង្គម ជុំវិញការរំលងយន្តការកែតម្រូវ ឬបំភ្លឺតាមស្មារតីនៃ «ច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥»។
ការទទួលបានសេរីភាពឡើងវិញរបស់លោក ប៉ែន នួន ត្រូវបានអ្នកសារព័ត៌មានជាតិចាត់ទុកថាជាសញ្ញាវិជ្ជមានមួយ ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ដោយឈរលើស្មារតីយោគយល់គ្នា ស្មារតីសាមគ្គីភាព និងជាការរួមគ្នាលើកស្ទួយវិស័យសារព័ត៌មាន។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន នួន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមិត្តអ្នកសារព័ត៌មានរួមអាជីពទាំងអស់ ដែលបានជួយអន្តរាគមន៍ និងបារម្ភពីសុវត្ថិភាពរបស់លោក៕

Post a Comment