
ខេត្តកំពង់ចាម៖ ក្រោយពីមានករណីបែកធ្លាយរូបភាពរថយន្តសឺរ៉ែនរបស់នគរបាលជាតិ ពាក់ផ្លាកលេខ 2-4820 យកទៅចតនៅកន្លែងកម្សាន្តរាត្រី «ភោជនីយដ្ឋាន និងខារ៉ាអូខេ» យ៉ាងស្រណុកចិត្ត ស្ថិតក្នុងស្រុកកំពង់សៀម សាធារណជន និងអ្នកតាមដានបណ្តាញសង្គមបាននិងកំពុងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង។ មហាជនបានចោទសួរចំៗទៅលើភាពអសកម្ម និងការគ្រប់គ្រងវិន័យមន្ត្រីក្រោមឱវាទ ដោយលើកឡើងថា «ការយករថយន្តក្រសួងដែលជាទ្រព្យសម្បត្តិរដ្ឋ និងជាមធ្យោបាយសម្រាប់បម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់ជូនសាធារណជន មកប្រើប្រាស់ដើម្បីផលប្រយោជន៍ ឬការកម្សាន្តផ្ទាល់ខ្លួន គឺជាការរំលោភបំពានលើក្រមសីលធម៌វិជ្ជាជីវៈ និងការខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះការអនុវត្តវិន័យកងកម្លាំង»។
ជុំវិញបញ្ហានេះ រហូតមកទល់ពេលនេះ គេសង្កេតឃើញថា ពុំមានការបកស្រាយ បំភ្លឺជាផ្លូវការ ពីស្នងការដ្ឋានខេត្តកំពង់ចាម ជាផ្លូវការនោះទេ ប៉ុន្តែបែរជាឃើញមានការចុះផ្សាយបញ្ជាក់បឋមពីបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនទៅវិញ ហើយសារព័ត៌មានទាំងនោះបានបកស្រាយបញ្ជាក់ ថា «ក្រុមការងារនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវភ្លាមៗ រហូតរកឃើញថាជារថយន្តនោះគឺគ្រប់គ្រងដោយអធិការដ្ឋាននគរបាលក្រុងកំពង់ចាម» និង «បានចាត់បញ្ជាឱ្យផែនការងារធនធានមនុស្ស កោះហៅលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ចូលមកបំភ្លឺ និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ត»។
ទោះបីជាមានចំណាត់ការផ្ទៃក្នុងនេះក្តី ប៉ុន្តែភាពស្ងៀមស្ងាត់ ឬការខកខានមិនទាន់ចេញផ្សាយសេចក្តីប្រកាសបំភ្លឺផ្លូវការនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋានផ្ទាល់ បានបន្សល់ទុកនូវមន្ទិលសង្ស័យ និងជាចំណុចខ្វះខាតផ្នែកតម្លាភាពព័ត៌មាន ដែលធ្វើឱ្យមហាជននៅតែបន្តទាមទារការពន្យល់ឱ្យបានច្បាស់លាស់។
ពលរដ្ឋមហាជន និងអ្នកតាមដានការអនុវត្តច្បាប់បានទទូចស្នើសុំឱ្យថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ពន្លឿនការស៊ើបអង្កេត និង «ចាត់វិធានការរដ្ឋបាល និងវិន័យយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការយោគយល់» ដើម្បីធ្វើជាគំរូអប់រំ និងទប់ស្កាត់កុំឱ្យមានការប្រព្រឹត្តិខុសលើកក្រោយទៀត ក៏ដូចជាស្តារកិត្តិយសស្ថាប័ន និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ដើម្បីក្លាយជាទីពឹងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋ៕



Post a Comment