ករណីហិង្សាសាហាវបណ្តាលឱ្យពិការភ្នែក តុលាការបដិសេធតំណាងមេធាវី និងចេញដីកាចាប់ខ្លួនជនសង្ស័យ ខណៈជនរងគ្រោះអំពាវនាវរកកម្លាំងអន្តរាគមន៍ពី ឯកឧត្តម ស សុខា និង ឯកឧត្តម ស ថេត (វគ្គ២)

បាត់ដំបង៖ ការរំពឹង និងការទាមទាររកយុត្តិធម៌ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ «ពិការភ្នែកខាងឆ្វេងជាអចិន្ត្រៃយ៍» កំពុងប្រឈមមុខនឹងភាពមន្ទិលសង្ស័យ និងការចោទប្រហារយ៉ាងខ្លាំងលើភាពមិនប្រក្រតីនៃកិច្ចដំណើការនីតិវិធី ក្រោយពេលដែលជនសង្ស័យក្នុងបទល្មើសជាក់ស្តែង មិនព្រមចូលខ្លួនបំភ្លឺតាមផ្លូវច្បាប់ ប៉ុន្តែបែរជានាំយកមេធាវីមកចូលខ្លួនជំនួសដើម្បីដោះបន្ទុក។ ទោះជាយ៉ាងណា យោងតាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា នៅពេលដែលមេធាវីនោះបង្ហាញខ្លួន តុលាការមិនបានយល់ព្រម ឬអនុញ្ញាតឱ្យមានការបំភ្លឺជំនួសឡើយ ដោយបានបញ្ជាឱ្យមេធាវីនោះចាកចេញពីកន្លែងសួរបំភ្លឺជាបន្ទាន់ ព្រោះជនសង្ស័យផ្ទាល់ត្រូវតែមានកាតព្វកិច្ចចូលខ្លួនមកប្រឈមមុខនឹងច្បាប់ដោយខ្លួនឯង។

ករណីអំពើហិង្សាដ៏ព្រៃផ្សៃនេះ បានកើតឡើងតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៨ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉េង ផល្លីន វាយដំលើជនរងគ្រោះឈ្មោះ ឆាយ បូរ៉ា អាយុ ៤៣ឆ្នាំ ជាអ្នករត់តាក់ស៊ី បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរធ្លាក់ខ្លួនពិការភាពអចិន្ត្រៃយ៍ បាត់បង់លទ្ធភាពរកប្រាក់ចិញ្ចឹមគ្រួសារ។
ចំណុចដែលសាធារណជន និងគ្រួសារជនរងគ្រោះចាត់ទុកថាជា «ភាពមិនប្រក្រតី និងភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ» ចាប់ផ្តើមឡើងតាំងពីដំណាក់កាលសមត្ថកិច្ចមូលដ្ឋាន លោក ជិ ប៊ុនណាត មេប៉ុស្តិ៍ព្រៃតូច និងលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដែលបានសម្រេចចិត្តដោះលែងជនសង្ស័យទាំងក្នុងបទល្មើសជាក់ស្តែង ដោយមិនឃាត់ខ្លួនតាមផ្លូវច្បាប់ ទើបធ្វើឱ្យជនដៃដល់មានឱកាសរត់គេចខ្លួនដល់សព្វថ្ងៃ។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកច្បាប់ និងមហាជន បានអះអាងយ៉ាងច្បាស់ថា៖ «ការដែលជនសង្ស័យព្យាយាមប្រើប្រាស់មេធាវីមកចូលខ្លួនឆ្លើយបំភ្លឺជំនួសទាំងខ្លួនកំពុងរត់គេចខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរបង្កឱ្យជនរងគ្រោះពិការភាពអចិន្ត្រៃយ៍បែបនេះ គឺជារឿងខុសឆ្គង និងផ្ទុយទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌទាំងស្រុង»។ តុលាការបានធ្វើត្រឹមត្រូវហើយ ដែលបានបដិសេធ និងបញ្ជាឱ្យមេធាវីនោះចាកចេញ ព្រោះជនសង្ស័យផ្ទាល់ត្រូវតែចូលខ្លួនមកប្រឈមមុខនឹងការសួរដេញដោល និងទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះបីជាបច្ចុប្បន្ន តាមព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ខាងតុលាការបានចេញ «ដីកាបង្គាប់ឱ្យតាមចាប់ខ្លួនជនសង្ស័យ» រួចហើយក្តី ប៉ុន្តែរហូតមកទល់ពេលនេះ ដីកានោះនៅតែស្ថិតនៅលើក្រដាស ខណៈដែលជនសង្ស័យនៅក្រៅសំណាញ់ច្បាប់ និងគ្មានការអនុវត្តទោស ឬសំណងសមស្របណាមួយដល់ជនរងគ្រោះឡើយ។ ទាក់ទងនឹងករណីខាងលើនេះដែរ រហូតមកទល់ពេលនេះ អង្គភាពសារព័ត៌មានយើង មិនទាន់ទទួលបានការបកស្រាយបំភ្លឺណាមួយពីសំណាក់ជនសង្ស័យ ឬតំណាងមេធាវីការពារក្តីនៅឡើយទេ ដោយសារភាគីជនសង្ស័យកំពុងស្ថិតក្នុងភាពគេចវេស។
ជនរងគ្រោះ និងក្រុមគ្រួសារ រួមទាំងមហាជនទូទៅ កំពុងទទូចយ៉ាងខ្លាំងក្លា និងអំពាវនាវជាថ្មីម្តងទៀតដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្នើសុំយ៉ាងទទូចដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងពន្លឿនការអនុវត្តដីកាចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដ និងលុបបំបាត់ភាពអសកម្ម ក៏ដូចជាភាពមិនប្រក្រតីនានាក្នុងសំណុំរឿងដ៏ឈឺចាប់មួយនេះ៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

Post a Comment

Previous Post Next Post