
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បិទផ្សារចំនួន ០៤ទីតាំង ផ្សេងគ្នាជាបណ្តោះអាសន្ន ដើម្បីការពារទប់ស្កាត់ការឆ្លង រីករាលដាលនៃវីរុសកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតចំនួន ០៤សន្លឹកផ្សេងគ្នា ស្ដីអំពីការផ្អាកជាបណ្ដោះអាសន្ន នូវផ្សារចំនួន ០៤ទីតាំងផ្សេងគ្នា ក្នុងខណ្ឌពោធិ៍សែនជ័យ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមលិខិត០៤សន្លឹករបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ផ្សារដែលត្រូវបិទជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃនោះមានដូចជា៖
ទី១-ផ្សារ (ត្រពាំងថ្លឹង) ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២-ផ្សារ (ឯករាជ្យ១) ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៣-ផ្សារ (ទួលពង្រ) ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៤-ផ្សារ (សេនជូរីផ្លាហ្សា) ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការសម្រេចបិទផ្សារទាំង០៤ទីតាំង រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសារធារណៈជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងតែប្រកបអាជីវកម្មក្នុងផ្សារ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕





Post a Comment