ប្រជាពលរដ្ឋលើកឡើង ថា អភិបាលស្រុកមុខកំពូល លោក យី យ៉េន នៅតែបន្តឲ្យមានសំណង់ខុសច្បាប់ សង់រំលោភបំពានយកដីសាធារណៈ


កណ្តាល៖ ប្រជាពលរដ្ឋលើកឡើង ថា អភិបាលស្រុកមុខកំពូល លោក យី យ៉េន នៅតែបន្តឲ្យមានសំណង់ខុសច្បាប់ សង់រំលោភបំពានយកដីសាធារណៈ​ បង្កឲ្យមានភាពអសណ្តាប់ធ្នាប់ រញ៉េរញ៉ៃ កក់ស្ទះពាសពេញផ្លូវដដែលជាដដែល នៅចំណុចជាប់គល់ស្ពានព្រែកកុយ (មុខវត្តជ្រឹង)។

ហើយសំណង់ខុសច្បាប់ទាំងនោះ សង់ជាផ្ទះផ្ទាល់ខ្លួនផង ធ្វើតូបលក់ដូរផង និងធ្វើទុកសម្រាប់ជួលយកលុយចែកគ្នាចាយផង! ក្រៅពីនេះទៀតនោះ ក៏មានសំណង់រឹងមាំគ្រប់ប្រភេទ សង់ជាតូបលក់ដូរ ប្លន់យកផ្លូវសាធារណៈ បង្កើតបង្គន់អនាម័យលើចំណីផ្លូវដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានអើតមុខមកទប់ស្កាត់នោះទេ! ពោលគឺ បណ្តែតបណ្តោយខ្លាំងមែនទែន។

ចំណែកឯ ក្រុមសន្តិសុខស៊ីវិល ស្លៀកពាក់ឯកសណ្ឋាន ស្អាតៗ មើលទៅទំនងជាលក្ខណៈតំណាតឲ្យអង្គភាព បានធ្វើសកម្មភាពដើរប្រមូលលុយពីអ្នកលក់លើផ្លូវថ្នល់ ជាប្រចាំថ្ងៃ ដោយមិនខ្លាចច្បាប់ និងមិនគោរពតាមសារាចរ លេខ ១១ ស.រ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ករណីនេះម្ចាស់ផ្សារ ឬ ប្រធានផ្សារគ្មានច្បាប់ (ផ្សារវត្តជ្រឹង) ធ្លាប់បាននិយាយបំភ្លឺជាមួយអ្នកសារព័ត៌មាន ដោយត្អូញត្អែរ បន្ទោសទៅកាន់លោកមេឃុំ! ចំណែកឯ លោកមេឃុំ ឃុំរកាកោង ក៏ធ្លាប់បានបកស្រាយត្អូញត្អែរ ដោយបន្ទោសទៅកាន់ម្ចាស់ផ្សារវិញ។

ប្រជាពលរដ្ឋជាច្រើន សង្ឃឹមថា អភិបាលស្រុកមុខកំពូល លោក យី យ៉េន និងមិនព្រងើយកន្តើយទៀតនោះទេ ពាក់ព័ន្ធទៅនិងបញ្ហានេះ សង្ឃឹម អភិបាលស្រុក ប្រាកដជាមានវិធានការក្តៅរំដោះយកដីសាធារណៈនោះត្រឡប់មកវិញ និងមានវិធានការចំពោះក្រុមសន្តិសុខស៊ីវិល ដែលតែងតែដើរប្រមូលលុយទាំងងងើលពីប្រជាពលរដ្ឋ៕

អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

Post a Comment

أحدث أقدم