បទល្មើសជាក់ស្តែង ប៉ុន្តែមន្ត្រីជលផល និងអាជ្ញាធរស្រុកព្រៃកប្បាស នៅបន្តទុករយៈពេល ៣ថ្ងៃសម្រាប់ឲ្យរុះរើ! សាធារណៈមតិចាត់ទុកថា វាជាការផ្តល់ឪកាសទៅវិញទេ សម្រាប់ក្រុមបទល្មើស ដើម្បីហ៊ុំព័ទ្ធចាប់យកត្រី

ខេត្តតាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាស ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ស្ថិតនៅត្រង់ចំណុចព្រែកតាផល ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការចុះបង្ក្រាបទាំងប្រថុចញ៉ុចនេះ ធ្វើឡើងក្រោយពី មានការអះអាង ដោយមាត់ទទេ ពីសំណាក់​ក្រុមអ្នកបង្កើតឧបករណ៍នេសាទខុសច្បាប់ «ថាក្រុមខ្លួនស្គាល់ចៅហ្វាយស្រុក ស្គាល់អធិការស្រុក ស្គាល់មន្ត្រីធំៗ ប្រចាំស្រុក ធ្វើជាខ្នងបង្អែក គ្មានអ្នកហ៊ានជាមួយក្រុមខ្លួននោះទេ ចង់ទៅប្តឹងដល់ណាទៅប្តឹងចុះ អញមិនខ្លាចទេ។

បន្ទាប់ពីក្រុមនេសាទខុសច្បាប់បោះពាក្យសំដី ប្រើប្រាស់លាបពណ៌យកឈ្មោះថ្នាក់ដឹកនាំស្រុក មកធ្វើខែលការពារបទល្មើស ទាំងងងើល ពកថ្ងាស ពេលនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក កុល ប៉េងឈុន អភិបាលរងស្រុកព្រៃកប្បាស ដឹកនាំកម្លាំងមន្ត្រីជំនាញ នៃគណបញ្ជាកាឯកភាពស្រុក និងមន្ត្រីផ្នែកសង្កាត់ជលផល តំណាងឲ្យលោក គិន ភក្តី អភិបាលស្រុក បានចុះទៅណែនាំដល់អ្នកដាក់ដាយ និងសម្រាស់នៅទីតាំងព្រែកតាផល។ ជាលទ្ធផលសាមីខ្លួនក៏យល់ព្រមធ្វើតាមការណែនាំ ដោយព្រមរុះរើ ឧបករណ៍នេសាទខុសច្បាប់ចេញ (ដាយ និង សម្រាស់)!

ប៉ុន្តែយ៉ាងណាករណីនេះ បានប្រែក្លាយជារឿងហួសចិត្ត និងបង្កើតការងឿងឆ្ងល់យ៉ាងខ្លាំងដល់សាធារណៈមតិ ខណៈអាជ្ញាធរស្រុកព្រៃកប្បាស និងមន្ត្រីជលផល មិនព្រមចាត់វិធានការភ្លាមៗនោះទេ បែរជាបន្តទុកឧបករណ៍នេសាទខុសច្បាប់ទាំងនោះ។ ដោយលើកយកហេតុផលថា បង្គោលសម្រាស់ដែលដោតទៅបាតស្ទឹងមានជម្រៅជ្រៅ ហើយមានច្រើនបង្គោល! ទើបទុករយៈពេលឲ្យ ក្រុមបង្កើតឧបករណ៍ខុសច្បាប់ទាំងនោះ កាត់ខ្សែចងឃាំងសំរាស់ចេញសិន ដើម្បីឲ្យត្រកៀត "កំប្លោក" ហូរចេញអស់ពីកន្លែងដាក់សម្រាស់ ទើបរើសម្រាស់ចេញពីក្នុងទឹកមកដាក់លើគោក ដោយទុកពេលឲ្យរុះរើសម្រាស់ចេញពីទឹករយ:ពេល៣ថ្ងៃទើបរើចេញ។

សាធារណៈមតិចាត់ទុកថា៖ កាលដែលមិនអនុវត្តវិធានការច្បាប់ភ្លាមៗ ថែមទាំងទុកពេលឲ្យក្រុមបង្កើតបទល្មើស មានឪកាសរយៈពេលរហូតដល់ ៣ថ្ងៃ ប្រៀបដូចជាផ្តល់ឱកាស និងជាការចូលរួមជាលក្ខណៈចំហពីសំណាក់មន្រ្តីពាក់ព័ន្ធជាមួយក្រុមបទល្មើស និងជាសញ្ញាបង្ហាញពីការគប់គិតគ្នា ប្រព្រឹត្តអំពើពុករលួយ បំផ្លាញធនធានមច្ឆជាតិ។

ពាក់ព័ន្ធទៅនិងករណីនេះ ប្រជាពលរដ្ឋជាច្រើននៅតែបន្តទាមទារឲ្យអាជ្ញាធរស្រុកព្រៃកប្បាស និងមន្ត្រីជំនាញផ្នែកជលផល ធ្វើការចុះ រុះរើជាបន្ទាន់ និងដុតកម្ទេចចោលភ្លាមៗ រាល់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ដែលកំពុងតែរីកស្គុះស្គាយពាសពេញតាមបណ្តោយព្រែកតាផល៕

អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

Post a Comment

أحدث أقدم