
ខេត្តតាកែវ៖ បច្ចុប្បន្ន រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងប្រាសាទបាទី កំពុងប្រឈមមុខនឹងភាពស្ងាត់ស្ងៀម ដោយមានចំនួនភ្ញៀវទេសចរជាតិធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងសក្តានុពលដែលមាន។
មូលហេតុចម្បងដែលត្រូវបានលើកឡើង គឺដោយសារតែភាពសាំញាំនៃការប្រមូលប្រាក់សំបុត្រចូលទស្សនាពីប្រជាពលរដ្ឋខ្មែរ រួមផ្សំជាមួយនឹងបញ្ហាខ្វះខាតអនាម័យ និងបរិស្ថានក្នុងតំបន់។
យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនរូប បានបង្ហាញការមិនពេញចិត្តចំពោះការតម្រូវឱ្យទិញសំបុត្រ ឬបង់ប្រាក់ត្រឹមតែការចូលទៅទស្សនាប្រាសាទបុរាណរបស់ជាតិខ្លួនឯង។ ភាពសាំញាំនេះបានក្លាយជាឧបសគ្គមួយ ធ្វើឱ្យភ្ញៀវទេសចរជាតិភាគច្រើនរុញរា និងសម្រេចចិត្តមិនចូលលេងកម្សាន្ត។
ផលប៉ះពាល់នេះ បាននិងកំពុងធ្លាក់មកលើ បណ្តាអាជីវករ និងអ្នកលក់ដូរ ដែលបានជួលកញ្ចុះពីសហគមន៍ដើម្បីលក់ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មផ្សេងៗ។
អាជីវករបានត្អូញត្អែរថា ពួកគាត់កំពុងជួបប្រទះការខាតបង់ធ្ងន់ធ្ងរ ព្រោះគ្មានភ្ញៀវចូលទៅទទួលទានអាហារ និងអង្គុយលេងក្នុងកញ្ចុះ ដោយសារតែកត្តាខាងលើ។
ជុំវិញបញ្ហានេះ មតិភាគច្រើនពីប្រជាពលរដ្ឋ និងអ្នកតាមដានវិស័យទេសចរណ៍ បានស្នើនិងផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គួរធ្វើការពិចារណាកែទម្រង់ឡើងវិញដូចខាងក្រោម៖
១.លុបចោលការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរជាតិ៖ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរងាកមកលេងកម្សាន្ត និងស្វែងយល់ពីបេតិកភណ្ឌជាតិឱ្យបានច្រើនកុះករ។
២.រៀបចំដាក់ ហឹបបរិច្ចាគតាមសទ្ធា ជំនួសវិញ៖ សម្រាប់ការចូលរួមចំណែក វិភាគទាន ស្ម័គ្រចិត្តពីភ្ញៀវ ក្នុងការជួយទប់ទល់ថ្លៃទឹកភ្លើង សម្អាតអនាម័យ និងថែទាំបរិស្ថាន ជំនួសឱ្យការលក់សំបុត្រ។
៣.រក្សាការលក់សំបុត្រចំពោះតែភ្ញៀវអន្តរជាតិ៖ ដើម្បីប្រមូលថវិកាមកអភិវឌ្ឍន៍រមណីយដ្ឋាន ដោយមិនដាក់បន្ទុកលើពលរដ្ឋក្នុងស្រុក។
៤.យកចិត្តទុកដាក់លើអនាម័យ និងសោភ័ណភាព៖ រៀបចំតំបន់រមណីយដ្ឋានឱ្យបានស្អាតបាត ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនឡើងវិញ ដែលអាចជួយស្តារជីវភាពអាជីវករមូលដ្ឋានឱ្យរស់រានមានជីវិតឡើងវិញ។
ប្រជាពលរដ្ឋ និងអាជីវករសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នមានសមត្ថកិច្ច និងសហគមន៍ពាក់ព័ន្ធ នឹងយកចិត្តទុកដាក់ពិនិត្យ និងរកដំណោះស្រាយសមស្រប ដើម្បីស្តារវិស័យទេសចរណ៍នៅរមណីយដ្ឋានប្រាសាទបាទីឱ្យមានភាពរស់រវើកឡើងវិញ៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚





Post a Comment