រដ្ឋបាលខេត្តកំពង់ចាមរងការអំពាវនាវឱ្យផ្ទៀងផ្ទាត់ និងស៊ើបអង្កេតស្តង់ដារបច្ចេកទេសគម្រោងផ្លូវថ្នល់ ក្រោយមានមន្ទិលលើភាពមិនប្រក្រតី

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងរងការអំពាវនាវយ៉ាងទទូចពីសាធារណជន និងអង្គភាពសារព័ត៌មាន ឱ្យចុះត្រួតពិនិត្យផ្ទាល់ និងបង្ហាញឯកសារបច្ចេកទេសជាសាធារណៈ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីឆ្លើយតបនឹងការមន្ទិលសង្ស័យជុំវិញតម្លាភាព គណនេយ្យភាព និងការអនុវត្តស្តង់ដារបច្ចេកទេសកិច្ចសន្យា។

​ការអំពាវនាវនេះបានកើតឡើង ក្រោយពេលមានប្រភពព័ត៌មានពីមូលដ្ឋានលើកឡើងពីភាពមិនប្រក្រតីនៃការបំពេញភារកិច្ចរបស់មន្ត្រីបច្ចេកទេសចំណុះទីចាត់ការផែនការ និងវិនិយោគខេត្ត ដោយរងការចោទប្រកាន់ថាបានអនុវត្តការត្រួតពិនិត្យដោយមានភាពលំអៀង និងបន្ធូរបន្ថយការរឹតបន្តឹងដល់ក្រុមហ៊ុនអ្នកទទួលការមួយចំនួន ដូចជាក្រុមហ៊ុន «វ៉េង លាប» ជាដើម។

​យោងតាមប្រភពដដែលបានលើកឡើងជាឧទាហរណ៍ អំពីគម្រោងផ្លូវក្នុងឃុំទំនប់ ស្រុកបាធាយ ដោយសង្ស័យថា ក្រុមហ៊ុនខាងលើបានប្រើប្រាស់សម្ភារៈមិនស្របតាមលក្ខខណ្ឌ និងបញ្ជីបរិមាណការងារ ដែលបានកំណត់ក្នុងឯកសារដេញថ្លៃ ដូចជាការប្រើប្រាស់ដែកទំហំ ៦ មីលីម៉ែត្រ ជាដើម។

លើសពីនេះ ក៏មានការចោទសួរលើស្តង់ដារត្រួតពិនិត្យគម្រោងផ្សេងៗទៀត ស្ថិតក្នុងឃុំជើងព្រៃ និងឃុំផ្អាវ ផងដែរ ដែលចំណុចទាំងនេះទាមទារឱ្យមានការបំភ្លឺដោយផ្អែកលើ ភស្តុតាងបច្ចេកទេសជាក់ស្តែង មិនមែនត្រឹមតែការបដិសេធដោយវាចានោះឡើយ។

​ជុំវិញការចោទប្រកាន់នេះ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគនៃរដ្ឋបាលខេត្តកំពង់ចាម បានបដិសេធដាច់អហង្ការ ដោយបញ្ជាក់ថាគ្មានការអនុវត្តស្តង់ដារពីរ ឬភាពលំអៀងពីសំណាក់មន្ត្រីជំនាញនោះឡើយ ដោយលោកបានអះអាងថា៖ «ម្ចាស់គម្រោងនីមួយៗគឺជាអាជ្ញាធរឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តផ្ទាល់ និងទាមទារមិនឱ្យខុសពីកិច្ចសន្យាឡើយ។

នាយកទីចាត់ការ ដដែលរូបនេះ បានបន្តទៀតថា៖ ដំណើរការអនុវត្តគម្រោង តែងតែមានមន្ត្រីបង្គោល និងប្រជាពលរដ្ឋក្នុងសហគមន៍ចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ លុះត្រាតែប្រជាពលរដ្ឋទទួលយកបាន ទើបមានការប្រគល់-ទទួលគម្រោងជាផ្លូវការ»។

​ស្របគ្នានេះដែរ តំណាងក្រុមហ៊ុន វ៉េង លាប ក៏បានច្រានចោលទាំងស្រុងនូវរាល់ការចោទប្រកាន់ ដោយអះអាងថា ក្រុមហ៊ុនបានអនុវត្តគម្រោងយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស គ្មានការប្រើប្រាស់ដែកខុសទំហំ និងគ្មានទំនាក់ទំនងពិសេស ឬទទួលបានការយោគយល់ពីមន្ត្រីរដ្ឋបាលខេត្តណាមួយឡើយ។

​ទោះបីជាមានការបដិសេធពីភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ មហាជន និងអង្គភាពសារព័ត៌មានយល់ឃើញថា ការបដិសេធដោយគ្មានការចុះវាស់វែង ឬបង្ហាញទិន្នន័យបច្ចេកទេសជាសាធារណៈ មិនទាន់អាចលុបបំបាត់មន្ទិលសង្ស័យបានទាំងស្រុងនោះទេ។

​សូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ និងជំរុញតម្លាភាពថវិកាជាតិ ដូច្នេះ ដើម្បីធានាបាននូវ «ច្បាប់តែមួយ ស្តង់ដារតែមួយ និងគ្មានការលើកលែង» អង្គភាពយើងខ្ញុំសូមស្នើយ៉ាងទទូចដល់ រដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា មេត្តាចាត់ក្រុមការងារអធិការកិច្ចឯករាជ្យចុះពិនិត្យ និងវាស់វែងជាក់ស្តែងនៅការដ្ឋាន ដើម្បីផ្តល់ភាពស្អាតស្អំដល់គ្រប់ភាគី និងការពារគុណភាពហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ៕

Post a Comment

Previous Post Next Post