
ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆុំ ដានី ចាងហ្វាងសារព័ត៌មាន «កងមាស» បានចាកចេញពីសាលាដំបូងរាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបានចូលខ្លួនបំភ្លឺ និងផ្ដល់ចម្លើយជូនតំណាងអយ្យការ។
សូមជម្រាបថា កាលពីអំឡុង ខែសីហា ឆ្នាំ២០២៦ លោក ឆុំ ដានី ចាងហ្វាងអង្គភាពព័ត៌មាន «កងមាស ញូស៍» បានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនា និងជាសារដាស់តឿនស្មារតី ទៅកាន់ ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សួន សុខឌឿន ដែលគេស្គាល់ថាជា ប្រធានក្រុមហ៊ុនសន្តិសុខ ឯកជន NMR និងជាប្រធានសមាគម «អិន អឹម អរ» ហើយក៏ជាចាងហ្វាងអង្គភាពព័ត៌មាន NMR News.! ក្នុងនោះក៏មាន បណ្ឌិត ឈាង សោភ័ណ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ និងមានលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មាន រួមទាំងមានលោក សន រ៉ន ដែលគេដឹងថាជាអ្នកជំនិតនិងជាអ្នកនាំពាក្យរបស់ បណ្ឌិត សាស្រ្តាចារ្យ សួន សុខឌឿន។
ខ្លឹមសារដែល «កងមាស ញូស៍» ចុះផ្សាយ កាលពីខែសីហា គឺជាព័ត៌មានរិះគន់ក្នុងន័យស្ថាបនា និងជាសារដាស់តឿន ប៉ុណ្ណោះ! ដោយសង្កេតឃើញថា ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន និង បណ្ឌិត ឈាង សោភ័ណ និងលោក សន រ៉ន បានបង្កើតក្រុមបក្សពួកនិយមក្នុងវិស័យព័ត៌មាន បង្កទំនាស់ខ្វែងគំនិតគ្នាមិនចេះចប់មិនចេះហើយ ដែលនាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យព័ត៌មាន និងជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានកម្ពុជា។
បន្ទាប់ពី កងមាស ញូស៍ ចេញផ្សាយនិងអំពាវនាវជាអត្ថបទចំណងជើងនិងការអត្ថាធិប្បាយស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ និង ក្រសួងព័ត៌មាន ឲ្យជួយអន្តរាគមន៍និងទប់ស្កាត់ អំពីសកម្មភាព ភាពខ្វែងគំនិតគ្នា រវាង សមាគមព័ត៌មាន និងសមាគមព័ត៌មាន បែរជាត្រូវមករងបណ្តឹង ពីសំណាក់ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សួន សុខឌឿន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ» ទៅវិញ។
ខណៈដែលទង្វើ និងសកម្មភាព របស់អស់លោក ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ប្រធានសមាគម ដែលមានឈ្មោះខាងលើនេះ គឺជាសញ្ញានាំឲ្យប៉ះពាល់ដល់វិស័យព័ត៌មាន ដែលធ្វើឲ្យអ្នកសារព័ត៌មានអាជីព ជាច្រើន សង្កេតឃើញ និងចាត់ទុកថាវាជាដើមចមនាំឲ្យមានការធ្លាក់ចុះនៃវិស័យព័ត៌មាន និងប៉ះពាល់សណ្តាប់ធ្នាប់សារព័ត៌មាន។
តួយ៉ាង តួនាទីនិងភារកិច្ច របស់សមាគមសារព័ត៌មាន គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការពារសិទ្ធិអំណាច និងផលប្រយោជន៍របស់សមាជិក ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សង្គមប្រជាធិបតេយ្យ រួមមាន៖
១. ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍វិជ្ជាជីវៈ
*ការពារសេរីភាពសារព័ត៌មាន៖ ជំរុញ និងការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានស្របតាមច្បាប់ជាតិ និងស្តង់ដារអន្តរជាតិ។
*អន្តរាគមន៍ និងជួយសង្គ្រោះ៖ ផ្តល់កិច្ចការពារផ្នែកផ្លូវច្បាប់ ឬអន្តរាគមន៍ភ្លាមៗ នៅពេលដែលអ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មានជួបប្រទះការគំរាមកំហែង ការយាយី ឬការចាប់ខ្លួនដោយអយុត្តិធម៌ពេលបំពេញការងារ។
*តស៊ូមតិ៖ ចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីកែលម្អបទប្បញ្ញត្តិ ឬច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យកាន់តែអំណោយផលដល់ការអនុវត្តការងារ។
២. ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន
*តាក់តែង និងពង្រឹងក្រមសីលធម៌៖ រៀបចំ បណ្តុះបណ្តាល និងត្រួតពិនិត្យការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ យុត្តិធម៌ និងគួរឱ្យទុកចិត្ត។
*ដោះស្រាយបណ្តឹងវិវាទសារព័ត៌មាន៖ ដើរតួនាទីជា អាជ្ញាកណ្តាលក្រៅប្រព័ន្ធតុលាការ ដើម្បីសម្រុះសម្រួល ឬដោះស្រាយវិវាទរវាងអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ មុននឹងបញ្ជូនទៅផ្លូវច្បាប់។
៣. ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព
*រៀបចំវគ្គបណ្តុះបណ្តាលជំនាញ៖ សហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលបច្ចេកទេសសរសេរព័ត៌មាន ការស៊ើបអង្កេត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ។
*លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាថ្មី៖ ជួយដល់អ្នកសារព័ត៌មានក្នុងការសម្របខ្លួនទៅនឹងយុគសម័យឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយថ្មីៗ។
៤. ការកសាងបណ្តាញ និងកិច្ចសហប្រតិបត្តិការ
*ពង្រីកបណ្តាញសហការ៖ បង្កើតកិច្ចសហការល្អជាមួយសមាគមសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងព័ត៌មាន។
*ស្ពានភា្ជប់ទំនាក់ទំនង៖ ធ្វើជាស្ពានចម្លងព័ត៌មាន និងសម្របសម្រួលទំនាក់ទំនងការងាររវាងអ្នកសារព័ត៌មាន ស្ថាប័នរដ្ឋ និងវិស័យឯកជន។
៥. ការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អ្នកសារព័ត៌មាន
*ផ្តល់ពានរង្វាន់ប្រចាំឆ្នាំ៖ រៀបចំការប្រកួតប្រជែង និងផ្តល់ប័ណ្ណសរសើរ ឬពានរង្វាន់ដល់អ្នកសារព័ត៌មានដែលមានស្នាដៃល្អឆ្នើមក្នុងការសរសេរអត្ថបទស៊ើបអង្កេត ឬអត្ថបទបំផុសគំនិតសង្គម។
*លើកស្ទួយកិត្យានុភាព៖ បង្កើនតម្លៃ និងការយល់ដឹងពីសាធារណជនចំពោះតួនាទីដ៏មានតម្លៃរបស់អ្នកសារព័ត៌មានអាជីព។
ចុងក្រោយសារព័ត៌មាន «កងមាស» អះអាងថា រាល់ការផ្សាយព័ត៌មាន អត្ថាធិប្បាយនិងខ្លឹមសារ ទាក់ទងទៅនឹងភាពអសកម្មរបស់សមាគមព័ត៌មាន គឺ ពុំមានចេតនាទុច្ចរិត បរិហាកេរ្ត៏ ឬជេរប្រមាថ បុគ្គលណាឡើយ! ផ្ទុយទៅវិញ គឺជា ការអំពាវនាវ និងជាសារដាស់តឿនស្មារតី ឲ្យអស់លោកពាក់ព័ន្ធឲ្យមានការភ្ញាក់រលឹក និងរួបរួមគ្នា ដើម្បីបង្កើតបរិយាកាសល្អ សាមគ្គីភាពល្អរវាង សមាគមនិងសមាគម ដើម្បីលើកកម្ពស់វិស័យព័ត៌មាន។
យ៉ាងណាពាក់ព័ន្ធទៅនឹងបណ្ដឹងខាងលើ ចាងហ្វាង «កងមាស» គឺលោក ឆុំ ដានី បានបង្ហាញភាពស្អាតស្អំ ដោយបានចូលខ្លួនបំភ្លឺជូនតុលាការ ដើម្បីប្រកាន់ខ្ជាប់នូវការគោរពច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន៕
S




إرسال تعليق