អាជីវកម្មរណ្តៅដីយក្ស នៅស្រុកបសេដ្ឋ ជីកបំផ្លាញចំណីព្រែក ខណៈមេឃុំឆ្លើយបដិសេធការពារឈ្មួញទាំងបំពាន និងគ្មានឯកសារ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ បានចេញមុខត្អូញត្អែរ និងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអាជីវកម្មរណ្តៅដីយក្សមួយកន្លែង ដែលកំពុងធ្វើសកម្មភាពជីកកាយយ៉ាងជ្រៅ និងប្រើប្រាស់គ្រឿងចក្រខ្នាតធំដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ដែលមានផ្ទៃទំហំរណ្តៅដីលាតសន្ធឹងសរុបចំនួនពីរឃុំជាប់គ្នា គឺឃុំកក់ និងឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សកម្មភាពទាំងនេះត្រូវបានសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយថែមទាំងបានជីកកាយរំលោភបំពានច្បាប់ភូមិបាល និងច្បាប់ស្តីពីការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ដីចំណីព្រែក និងប្រឡាយទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
បើយោងតាមការលើកឡើងពី លោកមេភូមិត្រសាំង បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាយដីរបស់ក្រុមគ្រឿងចក្រខាងលើនេះ មានជម្រៅជ្រៅខ្លាំង «ប្រមាណជាបីដៃ អាអិច» និងបានរំលោភបំពានរហូតដល់ប៉ះពាល់ដល់មាត់ព្រែក និងចំណីប្រឡាយយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រឈមការបាក់ស្រុត និងបាត់បង់ដីចំណីសាធារណៈ។
លោកមេភូមិបានបន្ថែមថា អាជ្ញាធរថ្នាក់ភូមិមិនដែលបានដឹងឮ ឬទទួលបានការជូនដំណឹងជាផ្លូវការណាមួយពីច្បាប់ទម្លាប់របស់ក្រុមអាជីវកម្មនោះទេ។ លើសពីនេះ លោកមេភូមិធ្លាប់បានរាយការណ៍ និងជូនដំណឹងទៅអាជ្ញាធរថ្នាក់ស្រុក ប៉ុន្តែបែរជាត្រូវរងការព្រងើយកន្តើយពីថ្នាក់ស្រុក ដោយគ្មានវិធានការទប់ស្កាត់ផ្លូវច្បាប់ណាមួយឡើយ។
ផ្ទុយទៅវិញ ភាពមិនប្រក្រតី និងភាពគួរឱ្យសង្ស័យខ្លាំងបានកើតឡើង នៅពេលដែល លោកមេឃុំកក់ បានផ្តល់ការឆ្លើយតបបំភ្លឺជាមួយសារព័ត៌មានបែបលាក់លៀម ឆ្លើយត្រឡប់ត្រឡិន ហាក់ដូចជាមានចេតនាការពារក្រុមគ្រឿងចក្រ និងបិទបាំងឱ្យក្រុមឈ្មួញខិលខូច។
លោកមេឃុំ បានឆ្លើយបដិសេធទាំងបំពានថា ចំណុចនោះគ្មានប្រឡាយ គ្មានព្រែក ឬចំណីប្រឡាយអ្វីនោះទេ ដោយអះអាងថាជាក្រលុកទឹកហូរតាមបែបធម្មជាតិ តាំងពីជំនាន់ ៧៩។ មិនតែប៉ុណ្ណោះ មេឃុំដដែលរូបនេះ បានលើកឡើងទាំងគ្មានឯកសារផ្លូវការ ឬលិខិតអនុញ្ញាតកាន់កាប់ច្បាស់លាស់ក្នុងដៃ ដោយគ្រាន់តែអះអាងដោយការស្តាប់ឮ តៗគ្នា ថា ភាគីអ្នកកាយដីបានសុំច្បាប់ពីក្រសួងរ៉ែ ដែលផ្ទុយស្រឡះពីការពិត និងការទាមទារបំភ្លឺរបស់មន្ត្រីថ្នាក់ក្រោម។
សកម្មភាពអាជីវកម្មរណ្តៅដីយក្សដែលគ្មានតម្លាភាព និងមានភាពរអាក់រអួលក្នុងការអនុវត្តច្បាប់នេះ កំពុងរងការរិះគន់យ៉ាងខ្លាំងថា ជាអំពើពុករលួយលក្ខណៈប្រព័ន្ធនៅមូលដ្ឋាន ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋ និងមហាជន ស្នើសុំយ៉ាងទទូចដល់ស្ថាប័នជំនាញ មន្ទីររ៉ែ និងថាមពល អភិបាលស្រុកបសេដ្ឋ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងជាបន្ទាន់ ចំពោះអាជីវកម្មរណ្តៅដីខាងលើ ក៏ដូចជាស៊ើបអង្កេតភាពមិនប្រក្រតី និងវិន័យមន្ត្រីមូលដ្ឋានរូបណាដែលពាក់ព័ន្ធនឹងការឃុបឃិតការពារបទល្មើស ដើម្បីធានាបាននូវការការពារទ្រព្យសម្បត្តិសាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋ៕

Post a Comment

Previous Post Next Post