
ខេត្តកំពង់ចាម៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមច្បាប់ស្តីពីជលផល និងដោយមានឆន្ទៈមុតស្រួចក្នុងការការពារធនធានធម្មជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ២ករណីដោយរុះរើបំផ្លាញវត្ថុតាង និងបានលែងកូនត្រីចម្រុះសរុប ១៥០គីឡូក្រាម ចូលក្នុងដែនទឹកធម្មជាតិវិញ។
សកម្មភាពនេះមិនត្រឹមតែជាការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តល្មើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំដល់សាធារណជនឱ្យចូលរួមថែរក្សាពូជត្រី និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចក្នុងការការពារផលប្រយោជន៍ជាតិ។
លទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ២កន្លែង រួមមាន៖
ករណីទី១ ចំណុចវត្តរអាងក្រោម ឃុំរអាង សមត្ថកិច្ចបានរុះរើឧបករណ៍លូស្បៃមុង ១៣មាត់, របាំងស្បៃមុង ៥៨០ម៉ែត្រ, បង្គោលចម្រឹង ១០០ដើម និងបាន ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧០គីឡូក្រាម។
ករណីទី២ ចំណុចមុខវត្តថ្មី ឃុំស្រក់ សមត្ថកិច្ចបានរុះរើលូស្បៃមុង ១០មាត់, របាំងស្បៃមុង ៤៦០ម៉ែត្រ, បង្គោលចម្រឹង ៩០ដើម និងបាន ចាក់លែងកូនត្រីចម្រុះទម្ងន់ ៨០គីឡូក្រាម។
កម្លាំងសមត្ថកិច្ចប្តេជ្ញាចិត្តបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែង ដើម្បីធានាថាធនធានជលផលទឹកសាបត្រូវបានការពារគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕





Post a Comment