
កំពង់ចាម៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី ដោយធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់។
កិច្ចប្រតិបត្តិការដ៏សកម្មនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់សមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែលះបង់កម្លាំងកាយចិត្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារធនធានធម្មជាតិ និងផលជលផលដែលជាកិច្ចការបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
យោងតាមរបាយការណ៍ ប្រតិបត្តិការទាំងពីរករណីនោះរួមមាន៖
*ករណីទី១៖ ចុះទប់ស្កាត់ និងបង្ក្រាបនៅចំណុច កោះចេក ឃុំមៀន ស្រុកព្រៃឈរ ដោយដកហូត និងបំផ្លាញចោលនូវឧបករណ៍ស្បៃមុងចំនួន ៦មាត់, របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៧៥ដើម និងបានចាក់លែងកូនត្រីចម្រុះចំនួន ៣គីឡូក្រាម ចូលក្នុងប្រភពទឹកធម្មជាតិវិញ។
*ករណីទី២៖ ចុះទប់ស្កាត់ និងបង្ក្រាបនៅចំណុច វត្តកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ដោយដកហូត និងបំផ្លាញចោលនូវឧបករណ៍ស្បៃមុងចំនួន ៨មាត់, របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៩៦ដើម និងបានចាក់លែងកូនត្រីចម្រុះចំនួន ៥គីឡូក្រាម ចូលក្នុងទឹកធម្មជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនេសាទទាំងអស់ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល ដោយស្នើសុំឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដូចជាការប្រើប្រាស់ស្បៃមុង និងរបាំងបិទបាំងផ្លូវត្រីឆ្លងកាត់ ដែលទង្វើនេះនឹងធ្វើឱ្យវិនាសហិនហោចដល់ពូជត្រី និងធនធានជលផលក្នុងពេលអនាគត។
សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការរាយការណ៍អំពីបទល្មើសជលផល និងនាំគ្នាបែរមកប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារស្របតាមច្បាប់វិញ ដើម្បីរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធានាបាននូវនិរន្តរភាពធនធានទឹកសម្រាប់កូនចៅជំនាន់ក្រោយ៕





Post a Comment