ទីតាំងល្បែងស៊ីសងកន្ទុយលេខវៀតណាមបើកលក់យ៉ាងសកម្ម ដោយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមសៀមរាប

សៀមរាប៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «កន្ទុយលេខឆ្នោតវៀតណាម» មួយកន្លែង នៅខាងកើតផ្សារលើ ឬផ្លូវអាវជជុះ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កំពុងបើកដំណើរការលក់យ៉ាងសកម្ម ដោយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

យោងតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ឆ្នោតកន្ទុយលេខវៀតណាមនេះ គឺមានបុគ្គលម្នាក់ឈ្មោះ ហ៊ុយ ភេទប្រុស ជាអ្នកមើលថែ និងបង់ប្រាក់ថ្លៃការពារផ្សេងៗ ឱ្យទៅកាន់បណ្តាញពាក់ព័ន្ធដែលលក់ឆ្នោតវៀតណាមនេះ។

ការបណ្តែតបណ្តោយឱ្យទីតាំងល្បែងស៊ីសងនេះបើកដំណើរការដោយរលូន គឺជាការឆ្លុះបញ្ចាំងពីភាពអសកម្ម និងការខ្វះការយកចិត្តទុកដាក់ពីសំណាក់ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងជាការមើលរំលងយ៉ាងខ្លាំងចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល។

ជុំវិញបញ្ហានេះ ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំ និងសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយដាក់បញ្ជាផ្ទាល់ដល់លោកអធិការក្រុង ឱ្យចុះអន្តរាគមន៍បង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន៕

Post a Comment

Previous Post Next Post