កើនកម្ដៅរាប់ពាន់អង្សា! ពលរដ្ឋប្តឹងអាជ្ញាធរខណ្ឌចំការមនរឿងឈូសឆាយផ្ទះ ខណៈអាជ្ញាធរបំភ្លឺថា "ពលរដ្ឋលួចសង់សំណង់រំលោភលើដីរដ្ឋ"

ភ្នំពេញ៖ វិវាទដីធ្លីដ៏ក្តៅគគុកនៅតំបន់អាងស្តុកទឹកបឹងត្របែក បានឈានដល់ដៃក្រសួងមហាផ្ទៃ និងតុលាការជាផ្លូវការ បន្ទាប់ពីប្រជាពលរដ្ឋ ២រូប ដាក់ពាក្យបណ្តឹងចោទប្រកាន់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ព្រមទាំងមន្ត្រីអមដំណើរ និងគូរកន ពីបទ៖ «ធ្វើឱ្យខូចខាតដោយចេតនា, រំលោភអំណាច, ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ និងស្ថានទម្ងន់ទោស "ប៉ះពាល់កម្មសិទ្ធិ"» ក្រោយអាជ្ញាធរបញ្ជាឱ្យឈូសឆាយកម្ទេចផ្ទះសម្បែងរបស់ពួកគាត់ ដោយគ្មានដីកាតុលាការ និងគ្មានការជូនដំណឹងជាមុន។

យោងតាមពាក្យបណ្តឹង ភាគីដើមបណ្តឹងរួមមាន ឈ្មោះ យី គួយ (អាយុ ៩៤ឆ្នាំ) និងឈ្មោះ ស៊ុយ ចាន់ស៊ីធូ (អាយុ ៥៦ឆ្នាំ) រស់នៅផ្ទះលេខ៤ ផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ។ ចំណែកមន្ត្រីដែលរងការប្តឹងចោទមាន៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន, លោក ជិន វិចិត្រ អភិបាលរងខណ្ឌ, លោក អ៊ុវ ថាវី នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ដើមបណ្ដឹងបានអះអាងថា ពួកគាត់បានកាន់កាប់ និងរស់នៅលើទីតាំងនេះជាង ៣០ឆ្នាំមកហើយ 

ប៉ុន្តែនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ខណៈពេលពួកគាត់កំពុងជួសជុលផ្ទះចាស់ ស្រាប់តែអាជ្ញាធរខណ្ឌបានដឹកនាំគ្រឿងចក្រមកឈូសឆាយកម្ទេចផ្ទះ

និងរបងចោលទាំងស្រុង បណ្តាលឱ្យបាត់បង់ជម្រក និងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ទើបសម្រេចចិត្តដាក់ពាក្យប្តឹងចូលក្រសួងមហាផ្ទៃ

នាថ្ងៃទី០៨ កញ្ញា និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៩ កញ្ញា ដើម្បីស្វែងរកយុត្តិធម៌។

ឆ្លើយតបនឹងការចោទប្រកាន់នេះ រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីបំភ្លឺភ្លាមៗថា៖ ទីតាំងកើតហេតុជា «ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ក្នុងតំបន់អាងស្តុកទឹកបឹងត្របែក ដែលមានអនុក្រឹត្យលេខ ២២១ អនក្រ.បក។ អាជ្ញាធរបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងបានចុះវាស់វែង និងរៀបចំសំណងផលប៉ះពាល់រួចរាល់ហើយ ដោយមានបម្រាមហាមឃាត់មិនឲ្យមានការសង់បន្ថែមជាដាច់ខាត។

រដ្ឋបាលខណ្ឌបានគូសបញ្ជាក់បន្ថែមថា វិធានការរុះរើនេះ គឺធ្វើឡើងតែលើ «សំណង់ថ្មីអំពីបេតុង និងរបង ដែលម្ចាស់ផ្ទះបានលួចសង់បន្ថែម» ប៉ុណ្ណោះ ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងរក្សាមុខងារអាងរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ។

ទោះជាយ៉ាងណា វិវាទនេះនៅតែបន្តកើនកម្ដៅយ៉ាងខ្លាំង ខណៈមតិសាធារណៈកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការពិនិត្យ និងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ពីសំណាក់ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ៕

Post a Comment

أحدث أقدم