ប្រជាពលរដ្ឋស្នើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួយចាត់កម្លាំងស្រាវជ្រាវតាមស្វែងរកមុខសញ្ញាដែលយកទារកមកបោះចោលក្នុងធុងសំរាម

ភ្នំពេញ៖ ករណីបោះបង់ចោលទារកទើបនឹងកើតបានកើតឡើងជាថ្មីម្តងទៀត នៅយប់ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវ២៤២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមានការក្តុកក្តួល និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្របពេលដែលមេឃកំពុងភ្លៀង គេបានសង្កេតឃើញក្រុមយុវជនស្ទាវចំនួន ៣នាក់ ជិះម៉ូតូ ២គ្រឿង បានយកទារកម្នាក់មកផ្លុងចោលនៅក្នុងធុងសំរាម ហើយជិះគេចខ្លួនបាត់ស្រមោល។ សំណាងល្អ ទារករូបនោះត្រូវបានអ្នករើសអេតចាយប្រទះឃើញទាន់ពេលវេលា ហើយបច្ចុប្បន្នត្រូវបានម្ចាស់ហាងផ្កាមួយកន្លែងនៅក្បែរនោះ ទទួលយកទៅជួយមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងមានសុវត្ថិភាព។

​ជុំវិញហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងអមនុស្សធម៌នេះ សាធារណជន និងប្រជាពលរដ្ឋបានសម្តែងក្តីសង្វេគជាខ្លាំង ព្រមទាំងបានអំពាវនាវ និងគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវ ពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីតាមស្វែងរកមុខសញ្ញាដែលយកទារកមកបោះចោលនោះ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យធ្ងន់ធ្ងរជាទីបំផុត។

​ប្រជាពលរដ្ឋបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើករណីបែបនេះ គឺជាវិធានការចាំបាច់ ដើម្បីកុំឱ្យអំពើអមនុស្សធម៌ និងការបោះបង់កូនបង្កើតខ្លួនឯងបែបនេះ កើតមានឡើងបន្តទៀតនៅក្នុងសង្គម៕

Post a Comment

Previous Post Next Post