ការកើនឡើងនៃសមាគមសារព័ត៌មានមួយចំនួន ត្រូវបានរិះគន់ថា បានបំផ្លាញតម្លៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

ភ្នំពេញ៖ ក្តីបារម្ភ និងការរិះគន់ជាច្រើនត្រូវបានលើកឡើងដោយ លោក ស៊ិន ខ្វាន់ឆា និពន្ធនាយកអង្គភាពព័ត៌មាន «ពេញចិត្តមេឌា» ជុំវិញបញ្ហាបច្ចុប្បន្ននៅក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយការបង្កើតសមាគមសារព័ត៌មានមួយចំនួន ខ្វះការគ្រប់គ្រងច្បាស់លាស់ និងការប្រគល់ប័ណ្ណសារព័ត៌មានដល់បុគ្គលដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។

យោងតាមការបញ្ចេញមតិ និងការសង្កេតលើស្ថានភាពជាក់ស្តែងរបស់ លោក ស៊ិន ខ្វាន់ឆា បានឱ្យដឹងថា ការបង្កើតសមាគមកើនឡើងជាច្រើន ប៉ុន្តែសមាគមមួយចំនួនមិនបានបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាល ឬគាំពារអ្នកសារព័ត៌មាននោះទេ ផ្ទុយទៅវិញ បែរជាបង្កើតឱ្យមានបក្ខពួក និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់នៃវិស័យសារព័ត៌មានទាំងមូល។
លោក ស៊ិន ខ្វាន់ឆា បានគូសបញ្ជាក់ថា៖ «សមាគមសារព័ត៌មានខ្លះបានចេញប័ណ្ណសម្គាល់ខ្លួន (កាត) ឱ្យទៅបុគ្គលដែលគ្មានវិជ្ជាជីវៈ និងទុច្ចរិត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ បច្ចុប្បន្ន អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈបែរជាមិនហ៊ានចេញមុខ ឬបញ្ចេញមតិ ខណៈដែលក្រុមបុគ្គលគ្មានវិជ្ជាជីវៈទាំងនោះប្រព្រឹត្តទង្វើមិនសមរម្យដោយសេរី»។
លោកបានបន្ថែមថា តាមគោលការណ៍គ្រឹះ បេសកកម្ម និងគោលបំណងសំខាន់នៃការបង្កើតសមាគមសារព័ត៌មាន គឺត្រូវ៖
១. គាំពារអ្នកសារព័ត៌មាន៖ ផ្តល់កិច្ចការពារផ្នែកច្បាប់ និងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ច។
២. បណ្តុះបណ្តាលសមត្ថភាព៖ លើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ និងសមត្ថភាពបច្ចេកទេសដល់អ្នកសារព័ត៌មាន។
៣. សម្របសម្រួល៖ ជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈព័ត៌មាន។
ការលើកឡើងរបស់លោក ស៊ិន ខ្វាន់ឆា នាពេលនេះ បានក្លាយជាការអំពាវនាវ និងជាសាររំលឹកស្មារតីមួយដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យមានការត្រួតពិនិត្យឡើងវិញលើសកម្មភាពរបស់សមាគមសារព័ត៌មានមួយចំនួន ដើម្បីស្តារតម្លៃ ក្រមសីលធម៌ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានឱ្យមានភាពត្រឹមត្រូវឡើងវិញ។
រៀបរៀងអត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

Post a Comment

Previous Post Next Post