
ភ្នំពេញ៖ មតិមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញការសម្រេចប្រគល់ភារកិច្ច និងតែងតាំងមន្ត្រីនគរបាលវ័យក្មេងម្នាក់ ឱ្យកាន់តំណែងជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល។
យោងតាមប្រភពព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា៖ លោកអនុសេនីយ៍ត្រី លី ឈុនហៀង ដែលពីមុនមានតួនាទីជានាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ត្រូវបានតែងតាំងឱ្យឡើងកាន់តំណែងជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក។
ការតែងតាំងមន្ត្រីវ័យក្មេងរូបនេះ ដែលមានអាយុកាលបម្រើការងារក្នុងជួរកងកម្លាំងប្រហែល ៤ ទៅ ៥ ឆ្នាំ ក៏ត្រូវបានសង្កេតឃើញមានការលើកយកមកផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងគ្រួសារផងដែរ ដោយសារតែលោកត្រូវជាក្មួយប្រុសរបស់ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល។
ទន្ទឹមនឹងការចោទជាសំណួរ ឬការចាប់អារម្មណ៍ជុំវិញបទពិសោធការងារ និងតម្លាភាពនៃការតែងតាំងមន្ត្រីវ័យក្មេងនេះ មហាជនក៏បានរំពឹងទុកផងដែរថា ការទទួលបានតំណែងជាប្រមុខប៉ុស្តិ៍រដ្ឋបាលនេះ គឺជាការវាស់ស្ទង់សមត្ថភាព និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។
ទោះយ៉ាងណាពាក់ព័ន្ធនឹងការផ្លាស់ប្តូរ និងការតែងតាំងខាងលើនេះ ប្រជាពលរដ្ឋ និងមហាជនទូទៅរំពឹងយ៉ាងមុតមាំថា លោកអនុសេនីយ៍ត្រី លី ឈុនហៀង នឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពរបស់ខ្លួន ដើម្បីពង្រឹងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងសង្កាត់កន្ទោកឱ្យបានល្អប្រសើរផងដែរ៕

Post a Comment