
ខេត្តបាត់ដំបង៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង កម្លាំងចម្រុះសរុប ១១នាក់ (រួមមាន មន្ត្រីជលផល កងរាជអាវុធហត្ថ និងសហគមន៍នេសាទ) ដោយប្រើប្រាស់មធ្យោបាយកាណូតចំនួន ៣គ្រឿង បានចុះសកម្មភាពបង្ក្រាបបទល្មើសជលផលទឹកសាបចំនួន ២ករណី ដោយប្រើប្រាស់ឧបករណ៍លបណឬរ៉ាវ នៅចំណុចតាបរ (អតីតឡូត៍នេសាទលេខ៤) ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង និងចំណុចព្រែកត្រៃយ៍ភព (អតីតឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផលក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានធ្វើការកាប់បំផ្លាញ និងរុះរើឧបករណ៍នេសាទខុសច្បាប់រួមមាន៖
* របាំងសាច់មង៖ ៨៥០ម៉ែត្រ
* ឡុក៖ ០៥គ្រឿង
* បង្គោល៖ ៣០០ដើម
* ព្រលែងត្រីចម្រុះ៖ ០៥គីឡូក្រាម ឱ្យចូលទៅក្នុងធម្មជាតិវិញ។
សកម្មភាពចុះបង្ក្រាបយ៉ាងសកម្មរបស់កម្លាំងចម្រុះខេត្តបាត់ដំបងនាពេលនេះ ត្រូវបានមហាជន និងមន្ត្រីជំនាញចាត់ទុកថាជាវិធានការយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ និងជួយការពារពូជត្រីទឹកសាបនៅបឹងទន្លេសាបឱ្យគង់វង្ស។
អាស្រ័យហេតុនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ មេត្តាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទនៅក្នុងអំឡុងពេលហាមឃាត់ ឬក្នុងតំបន់អភិរក្ស ដោយមកប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារស្របតាមច្បាប់កំណត់វិញ។ ការចូលរួមការពារ និងអភិរក្សធនធានជលផលនាថ្ងៃនេះ គឺដើម្បីធានាបាននូវនិរន្តរភាពផលត្រីសម្រាប់កូនចៅជំនាន់ក្រោយ និងជៀសផុតពីការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់។




Post a Comment