អំពើពុករលួយក្នុងការចេញប័ណ្ណបើកបរ គឺជាមហន្តរាយលាក់ខ្លួនលើដងផ្លូវ មហាជនអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់

ខេត្តត្បូងឃ្មុំ៖ បច្ចុប្បន្ន បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា កំពុងតែក្លាយជារបួសសង្គមដ៏ឈឺចាប់មួយ ដែលឆក់យកជីវិត និងទ្រព្យសម្បត្តិពលរដ្ឋរៀងរាល់ថ្ងៃ។ ទោះបីជារាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងណាក៏ដោយ ក៏មហន្តរាយនេះនៅតែបន្តកើតមាន ដោយសារតែកត្តាអសកម្ម និងអំពើពុករលួយស្មុគស្មាញមួយចំនួន ក្នុងនោះរួមទាំងបាតុភាពអវិជ្ជមាននៃការចេញប័ណ្ណបើកបរដោយគ្មានការបញ្ជាក់លក្ខណៈសម្បត្តិ និងជំនាញច្បាស់លាស់។

យោងតាមប្រភពព័ត៌មានដែលទទួលបាន ទាក់ទងទៅនឹងសកម្មភាពមិនប្រក្រតីរបស់មន្ត្រីជំនាញម្នាក់ គឺ លោក ពាង វិចិត្រ ប្រធានការិយាល័យចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ កំពុងធ្វើអាជីវកម្មទទួលធ្វើប័ណ្ណបើកបរ «លក់» ក្នុងតម្លៃ ១២០ដុល្លារអាមេរិក ក្នុងមួយប័ណ្ណ ដោយធានាថាប្រឡងជាប់ដោយស្វ័យប្រវត្តិ និងទទួលបានបណ័្ណបើកបរ ទោះបីជាអ្នកស្នើសុំមិនសូវចេះបើកបរ និងមិនបានសិក្សាច្បាប់ទ្រឹស្តីចរាចរណ៍ក៏ដោយ។ សកម្មភាពបែបនេះ មិនត្រឹមតែជាអំពើល្មើសច្បាប់ និងរំលោភអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពុលសង្គម និងជាការឃុបឃិតគ្នាបណ្តុះបណ្តាល «ឃាតករលាក់មុខ» នៅលើដងផ្លូវផងដែរ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ពាង វិចិត្រ ប្រធានការិយាល័យចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបកស្រាយបំភ្លឺប្រាប់អ្នកសារព័ត៌មានដោយ បដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ។

ចំណែកឯ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា លោក ពាង វិចិត្រ ពិតជាមន្ត្រីក្រោមឱវាទរបស់ខ្លួនពិតប្រាកដមែន ប៉ុន្តែលោកបានលើកឡើងថា លោកមិនទាន់ដឹងច្បាស់ថា ករណីលក់ប័ណ្ណបើកបរនេះជាទង្វើប្រព្រឹត្តពិតប្រាកដរបស់លោក ពាង វិចិត្រ ឬយ៉ាងណានោះទេ។ លោកប្រធានមន្ទីរបានបន្ថែមថា លោកនឹងបើកការសាកសួរ និងស្រាវជ្រាវផ្ទៃក្នុងជុំវិញករណីនេះ។

ពាក់ព័ន្ធនឹងករណីនេះ សាធារណជន បានលើកឡើងថា៖ «ការបណ្តោយឱ្យបុគ្គល ឬក្រុមខិលខូចលក់ប័ណ្ណបើកបរដល់អ្នកគ្មានបច្ចេកទេសច្បាស់លាស់ គឺស្មើនឹងផ្តល់ហានិភ័យ ដែលជាដើមចមនាំឱ្យមានការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់ជាបន្តបន្ទាប់នៅលើដងផ្លូវ!»

អាស្រ័យហេតុនេះ ពលរដ្ឋមហាជន សូមអំពាវនាវយ៉ាងទទូចដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់វិធានការស៊ើបអង្កេត និងបើកការស្រាវជ្រាវជាបន្ទាន់ និងស៊ីជម្រៅ ចំពោះករណីលោក ពាង វិចិត្រ និងអ្នកពាក់ព័ន្ធទាំងអស់ ដោយប្រកាន់ខ្ជាប់នូវភាពតឹងរ៉ឹង គ្មានការលើកលែង ដើម្បីជាគំរូយ៉ាងសកម្មក្នុងការលុបបំបាត់អំពើពុករលួយ និងការពារអាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ៕

Post a Comment

أحدث أقدم