
សៀមរាប៖ ភាពចម្រូងចម្រាសជុំវិញគម្រោងស្ថាបនាផ្លូវបេតុងមូលនិធិឃុំ-សង្កាត់ ប្រវែងជិត ៥០០ម៉ែត្រ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ បន្ទាប់ពីការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋានត្រូវបានមហាជន និងអ្នកជំនាញចាត់ទុកថា «ជាលេសទន់ខ្សោយ និងឆ្ងាយពីការពិតបច្ចេកទេសស្រឡះ» ខណៈដែលថ្នាក់ដឹកនាំក្រុងសៀមរាបបដិសេធ មិនព្រមលើកទូរសព្ទដើម្បីផ្តល់ការពន្យល់។
យោងតាមការបំភ្លឺរបស់អ្នកចៅសង្កាត់ស្លក្រាម លោក ខៀវ សត នៅព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០២៦នេះ បានអះអាងថា គម្រោងផ្លូវនេះនៅតែរក្សាទំហំទទឹង ៦ម៉ែត្រដដែល គ្មានការកាត់បន្ថយឲ្យមកនៅត្រឹម ៤ម៉ែត្រនោះទេ ប៉ុន្តែចំពោះរបងថ្មរបស់ម្ចាស់ដីពាក់ព័ន្ធ ត្រង់ចំណុចផលប៉ះពាល់ដែលមិនព្រមរុះរើ គឺអាជ្ញាធរសម្រេច «ទុករបងនោះសិន» ដើម្បីប្រញាប់ចាក់បេតុងផ្លូវឱ្យហើយសិន ចាំដោះស្រាយផលប៉ះពាល់តាមក្រោយ។
ការពន្យល់បកស្រាយពីចៅសង្កាត់បែបនេះ ត្រូវបានប្រជាពលរដ្ឋ និងមហាជនក្នុងមូលដ្ឋានចោទសួរដោយចំអកថា៖ «ប្រសិនបើគ្មានការវាយរុះរើរបងថ្មដែលបាំងលើគន្លងផ្លូវចេញទេនោះ តើអាចស្ថាបនាផ្លូវបេតុងឱ្យមានទទឹងពេញ ៦ម៉ែត្រ ដោយរបៀបណា?» ព្រោះថាការតាំងចិត្តធ្វើផ្លូវទាំងមានរបងបាំងកោងបែបនេះ គឺមិនខុសអ្វីពីទង្វើ «កាត់ក្បាលតម្រូវមួក ជំនួសឱ្យការកាត់មួកតម្រូវក្បាល» នោះឡើយ។
បន្ថែមពីលើនេះ ពលរដ្ឋបានទម្លាយថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ ប្រសិនបើគិតមកដល់ពេលនេះគឺមានរយៈពេលជាង ៣ខែមកហើយ ដោយការសាងសង់សម្រេចបានស្ទើរតែ ១០០% ទៅហើយដែរ ប៉ុន្តែត្រូវ «គាំង និងកកស្ទះជាប់គាំង» មិនអាចរួចរាល់ជាស្ថាពរបានឡើយ ដោយសារតែអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ចំពោះបុគ្គលមានលុយមានអំណាច។ ខណៈការពិតជាក់ស្តែងរបងនោះត្រូវបានមន្ត្រីជំនាញវាស់វែងរួចរាល់ និងត្រូវបានជំនាញបាញ់ថ្នាំក្រហមតម្រូវឱ្យរុះរើវាយចេញ ព្រោះរបងថ្មនោះស្ថិតនៅលើដីគម្រោងផ្លូវ ៦ម៉ែត្រតែម្តង ប៉ុន្តែបែរជាមន្ត្រីពាក់ព័ន្ធមិនហ៊ានវាយបំផ្លាញចោលទៅវិញ។ ពលរដ្ឋបានសង្កត់ធ្ងន់ថា ការទុករបងចោលសិនបែបនេះ គឺជាលេសបន្លំភ្នែកមហាជន និងជាការយោគយល់ជាពិសេសដល់បុគ្គលមានអំណាចទឹកប្រាក់ ព្រោះបើផ្លូវចាក់រួចជាស្ថាពរហើយ គ្មានម្ចាស់ដីណាយល់ព្រមឱ្យមកវាយរបងធ្វើផ្លូវសារជាថ្មីឡើយ។
ប្រជាពលរដ្ឋបានរំលេចផងដែរថា ផ្ទុយពីបុគ្គលមានអំណាចទឹកប្រាក់នេះ ពលរដ្ឋសាមញ្ញដទៃទៀតដែលរងផលប៉ះពាល់ដូចគ្នា ត្រូវបានអាជ្ញាធរតម្រូវឱ្យរុះរើរបងចេញយ៉ាងតឹងរ៉ឹងតាមការកំណត់។ ទង្វើនេះបានឱ្យឃើញយ៉ាងច្បាស់នូវភាព «ពីរស្ដង់ដារ» និងការអនុវត្តច្បាប់បែប «តឹងជាមួយអ្នកក្រ រលុងជាមួយអ្នកមាន» ដោយសារតែទីតាំងរបងដី និងអចលនទ្រព្យនៅតំបន់នោះមានតម្លៃថ្លៃកប់ពពក។
គួរជម្រាបផងដែរថា ជុំវិញភាពមិនប្រក្រតីនេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពី លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ប៉ុន្តែត្រូវបានបដិសេធ ដោយសារអភិបាលក្រុង «មិនព្រមលើកទូរសព្ទ» ឆ្លើយតប ដែលធ្វើឱ្យមហាជនកាន់តែសង្ស័យពីភាពមិនប្រក្រតី និងការលាក់បាំងរឿងអាស្រូវនេះ។
ទំនុកចិត្តលើការអនុវត្តច្បាប់នៅមូលដ្ឋានកំពុងរង្គោះរង្គើ និងឋិតក្នុងភាពសង្ស័យ! ដូច្នេះ ប្រជាពលរដ្ឋ និងមហាជនស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មេត្តាជួយចុះអន្តរាគមន៍ស៊ើបអង្កេត និងទាមទារឱ្យអនុវត្តច្បាប់ដោយស្មើភាពគ្នា ដោយតម្រូវឱ្យម្ចាស់របងពាក់ព័ន្ធលើផ្លូវរុះរើចេញតាមគម្រោងផែនការដើម ដើម្បីធានាបាននូវផ្លូវបេតុងទទឹង ៦ម៉ែត្រ សម្រាប់ជាឧត្តមប្រយោជន៍សាធារណៈពិតប្រាកដ៕

Post a Comment