អាថ៌កំបាំងបាត់ម៉ូតូមុខផ្សារបឹងកុក ទុកជាង១សប្តាហ៍នៅស្ងាត់ឈឹង ទាំងដែលឃើញមុខចោរក្នុងកាមេរ៉ា ខណៈពលរដ្ឋរងគ្រោះស្រែករកយុត្តិធម៌ពីថ្នាក់ដឹកនាំ

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋម្នាក់បានជួបប្រទះនូវរឿងរ៉ាវគួរឱ្យព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូ មុខផ្សារបឹងកុក ប៉ុន្តែត្រូវជនខិលខូចធ្វើសកម្មភាពលួចកាត់កែបយកទៅបាត់ទាំងម៉ូតូ និងទាំងបង្កាន់ដៃផ្ញើម៉ូតូ ដោយបន្សល់ទុកភាពស្ងប់ស្ងាត់ និងគ្មានការដោះស្រាយរយៈពេលជាងមួយសប្តាហ៍មកហើយ។

បើតាមការរៀបចំពីជនរងគ្រោះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងខណៈដែលខ្លួនបានយកម៉ូតូទៅផ្ញើដើម្បីចូលទិញអីវ៉ាន់នៅផ្សារ ប៉ុន្តែដោយអចេតនា គាត់បានទុកបង្កាន់ដៃសំបុត្រផ្ញើម៉ូតូនោះនៅក្នុងកែបម៉ូតូ មិនបានយកតាមខ្លួនឡើយ ដែលធ្វើឱ្យជនល្មើសមានឱកាសលួចយកទៅទាំងស្រុង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ចដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាព។ ជាលទ្ធផល សមត្ថកិច្ចបានឃើញមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពលួចនោះរួចហើយ ប៉ុន្តែដោយសារជាប់វិធានការជំនាញ និងបម្រាមនៃការស៊ើបអង្កេត ទើបសមត្ថកិច្ចមិនទាន់អាចបើកបង្ហាញជាសាធារណៈ ដែលធ្វើឱ្យជនរងគ្រោះមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។
ជុំវិញករណីខាងលើនេះ លោក ជា ប៊ុនសែន ប្រធានផ្សារបឹងកុក បានធ្វើការបកស្រាយបំភ្លឺថា ផ្សារមានសិទ្ធិ និងកាតព្វកិច្ចក្នុងការទទួលខុសត្រូវលើការបាត់បង់ម៉ូតូ លុះត្រាតែមានបង្កាន់ដៃបញ្ជាក់ត្រឹមត្រូវមកបង្ហាញ។ លោកបានបញ្ជាក់បន្ថែមថា បើគ្មានបង្កាន់ដៃទេ គឺមានការលំបាកខ្លាំងណាស់ក្នុងការកំណត់ការទទួលខុសត្រូវ ឬធ្វើការទាមទារ។ ម្យ៉ាងវិញទៀត ចំនួនម៉ូតូមានការកើនឡើងច្រើន ប៉ុន្តែអ្នកទទួលខុសត្រូវមានកម្រិត ធ្វើឱ្យការគ្រប់គ្រងជួនកាលជួបប្រទះនូវការលំបាក ប៉ុន្តែគ្មានភាគីណាមួយចង់ឱ្យមានអំពើចោរកម្មកើតឡើងនោះឡើយ។
ទាក់ទងនឹងចំណាត់ការរបស់សមត្ថកិច្ច លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែតុលា ២០២៦នេះ បានផ្តល់ការបំភ្លឺប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលធ្វើកិច្ចការជំនាញរួចហើយ ហើយលោកអធិការបញ្ជាក់ថាលោកចេះធ្វើការហើយៗ និងអនុវត្តកិច្ចការងារតាមជំនាញរបស់ខ្លួនរួចហើយ ចំពោះករណីខាងលើនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ រយៈពេលជាងមួយសប្តាហ៍ហើយ ជនរងគ្រោះនៅតែមិនទាន់ទទួលបានដំណោះស្រាយថាតើត្រូវទូទាត់សងសំណងយ៉ាងណាពីភាគីទីតាំងផ្ញើម៉ូតូ ឬទទួលបានលទ្ធផលនៃការតាមចាប់ខ្លួនជនល្មើសច្បាស់លាស់នៅឡើយទេ ខណៈដែលសមត្ថកិច្ចបញ្ជាក់ថាកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តនីតិវិធីជំនាញ។
ប្រជាពលរដ្ឋ និងជនរងគ្រោះ សំណូមពរយ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្នើសុំយ៉ាងទទូចដល់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម មេត្តាជួយពន្លឿនកិច្ចប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងជួយរកដំណោះស្រាយដោយយុត្តិធម៌ជូនដល់ពួកគាត់ផង៕

Post a Comment

Previous Post Next Post