
ខេត្តកែប៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមហាជនក្នុងមូលដ្ឋាន បានបង្ហាញក្តីខកចិត្ត និងទម្លាក់ការចោទប្រកាន់ចំៗយ៉ាងធ្ងន់ធ្ងរទៅលើ អភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ថាបាននិងកំពុងបណ្តោយឱ្យមានសង្វៀនមាន់ជល់ទ្រង់ទ្រាយធំមួយកន្លែងបើកលេងយ៉ាងគគ្រឹកគគ្រេង និងមានភាពអនាធិបតេយ្យ ដោយគ្មានការចុះទប់ស្កាត់ ឬបង្ក្រាបសូម្បីតែបន្តិច។ ទីតាំងអបាយមុខនេះ ត្រូវបានគេទម្លាយឱ្យដឹងថា ស្ថិតនៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
តាមរយៈប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋនៅនឹងកន្លែង បានទម្លាយឱ្យដឹងថា ទីតាំងសង្វៀនមាន់ជល់ដ៏ធំនេះ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់បុគ្គលម្នាក់ឈ្មោះ លោក ទ្រី។ ភាពក្រអឺតក្រទម និងការឡើងកូដរបស់អ្នកគ្រប់គ្រងរូបនេះ គឺដោយសារការអួតអាងទាំងបំពានច្បាប់ថា៖
«គ្មានសមត្ថកិច្ច ឬអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ ព្រោះខ្លួនបានរៀបចំដាក់លុយកាក់បង់ទិញផ្លូវរួចរាល់អស់ទើបអាចដំណើរការយ៉ាងរលូនបែបនេះ»។ ការអះអាងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ មានខ្នងបង្អែកក្រាស់ និងមានសញ្ញាណនៃការឃុបឃិតគ្នាជាប្រព័ន្ធ។
ទាក់ទងនឹងបញ្ហានេះ មហាជន និងអ្នកតាមដានការអនុវត្តច្បាប់ បានលើកឡើងយ៉ាងមុតមាំថា ល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំកម្រិតនេះ មិនអាចលួចលាក់បើកដំណើរការយ៉ាងរលូន និងមានលក្ខណៈបើកចំហបែបនេះបានឡើយ ប្រសិនបើគ្មានការដឹងឮ ឬ «ការបើកដៃ» ពីសំណាក់ លោក ឆាង ឆៃ អភិបាលស្រុក ដំណាក់ចង្អើរ និងលោក ជា សុប័ណ្ណ អធិការស្រុក ដែលជាមេដឹកនាំស្ថាប័នរដ្ឋបាល ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ព្រមទាំងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតលើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការធ្វើមិនដឹងមិនឮ និងការបិទភ្នែកធ្វើជាគថ្លង់ គឺស្មើនឹងការឃុបឃិតដោយអសកម្ម ដែលផ្ទុយស្រឡះពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ទង្វើខ្វះការទទួលខុសត្រូវ និងការធូររលុងក្នុងការអនុវត្តច្បាប់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាម និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកែប។ អាស្រ័យហេតុនេះ មហាជន និងមជ្ឈដ្ឋានសង្គម សូមអំពាវនាវយ៉ាងទទូច និងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមអភិបាលខេត្តកែប និងស្ថាប័នអធិការកិច្ច ឬអង្គភាពមានសមត្ថកិច្ចថ្នាក់ខេត្ត មេត្តាចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ ដោយមិនត្រូវបន្តបណ្តោយឱ្យមន្ត្រីខិលខូចយកផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងច្បាប់រដ្ឋ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះបើគ្មានការបើកដៃពីមេដឹកនាំស្រុកទាំងពីរនេះទេ គឺកុំសង្ឃឹមថាទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំបែបនេះអាចដុះដាលឡើងបានឡើយ៕

إرسال تعليق