ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរ បង្ហាញច្បាប់ កុំគប់គិតគ្នាបិទបាំង ដើម្បីបើកដៃឲ្យគ្រឿងចក្រកាយដីបឹង ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន (វគ្គ២)

កំពង់ចាម៖ អភិបាលរងស្រុកកងមាស លោក អឿន សុធាលី និយាយថា គ្រឿងចក្រកាយដីបឹងយកអាចម៍ដីលក់ ស្ថិតនៅឃុំអង្គរបាន គឺមានច្បាប់ត្រឹមត្រូវ គឺ រដ្ឋបាលខេត្តកំពង់ចាម ជាអ្នកអនុញ្ញាតឲ្យជីក។
ចំណែកឯលោកពូមេឃុំ នៃសាលាឃុំអង្គរបាន ក្រវីក្បាលដូចគោស្រាំងទិច ឆ្លើយថាអត់ដែលឃើញមានច្បាប់ អត់ដឹងអីផង!! ពោលគឺ៖ អត់ដឹងថាច្បាប់អនុញ្ញាតបែរមុខទៅណាផង។
ករណីនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និយាយថាជាការគុបគិតគ្នា រវាងមន្ត្រី និងឈ្មួញ ដើម្បីជីកដីបឹងយកអាចម៍ដីលក់ចែកលុយគ្នា ដោយមិនគិតពីផលប៉ះពាល់។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅតែទាមទារឱ្យ លោក អឿន សុធាលី ដែលចេញមុខការពារឈ្មួញ និងបានអះអាងដោយមាត់ទទេថាមានច្បាប់ ឲ្យធ្វើការបើកបង្ហាញច្បាប់ជាសាធារណៈ ដោយគ្មានការលាក់លៀមឡើយ! ជាពិសេស សូមឲ្យម្ចាស់អាជីវកម្មដែលកំពុងជីកដីបឹងយកលក់ ត្រូវតែបិទប្រកាសច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវជាសាធារណៈ នៅត្រង់ចំណុចធ្វើអាជីវកម្ម។
ប្រជាពលរដ្ឋជាច្រើន ស្នើសុំឱ្យ អាជ្ញាធរ និងសមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពង់ចាម មន្ទីរសាធារណៈនិង ដឹកជញ្ជូនខេត្តកំពង់ចាម
មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តកំពង់ចាម សូមជួយដឹកនាំមន្ត្រីជំនាញចុះពិនិត្យវាស់វែងលើករណីជីកដីបឹងយកលក់
ដោយប្រើប្រាស់រថយន្តកែច្នៃគ្មានច្បាប់អនុញ្ញាត ដឹកជញ្ជូនបំផ្លាញផ្លូវសាធារណៈ គ្មានស្តង់ដារបច្ចេកទេស ជីកកាយបឹងដោយទំនើងចិត្តខាងលើនេះផង៕








No comments