ស្រីស្អាតម្នាក់អាងខ្នងបង្អែក មិត្តភក្តិអ្នកធំ បើកឡានស្រវឹងបុក ដូនចាស់ បាក់ឆ្អឹងជំនីរខ្ទេច និងចៅៗ ២នាក់ទៀត របួសធ្ងន់បាក់ដៃ ចេញឆ្អឹងសស្ងាច (វគ្គ១)

ខេត្តបាត់ដំបង៖ យកច្បាប់ជាន់ឈ្លី មើលងាយអ្នកក្រ ព្រោះតែអាងខ្នងបង្អែក មិត្តភក្តិអ្នកធំ ស្រីស្អាតម្នាក់ ឈ្មោះ POV Dalika បើករថយន្តទាំងស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូដូនចាស់អាយុ៦២ឆ្នាំ បណ្តាលឲ្យដួលប្រកាច់ទៅថ្នល់បាក់ឆ្អឹងជំនីរ ខ្ទេចចំនួនបីកំណាត់ និងបាក់ឆ្អឹងដងកាំបិត ១កំណាត់ និងចៅតូចៗ ២នាក់ទៀត របួសធ្ងន់បាក់ដៃ ចេញឆ្អឹងសស្ងាច។
ហេតុការណ៍មួយនេះគឺបានកើតឡើង តាំងតែពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦មកម្លេះ ត្រង់ចំណុចភូមិស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បើប្រៀបធៀបគិតជាខ្មោចវិញ រហូតមកទល់ពេលនេះធ្វើបុណ្យចប់កប់ស្អុយរលួយក្លាយជាដីបាត់ទៅហើយ។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកសង្កែ លោក ឈឿន គឹមសាន នៅល្ងាចថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៦ បានបំភ្លឺជាមួយអ្នកសារព័ត៌មានថា «ករណីនេះ កើតហេតុដំបូងភ្លាមៗ សមត្ថកិច្ចជំនាញមិនបានចុះធ្វើការវាស់វែង ភ្លាមៗនោះទេ ហើយក៏មិនបានឃាត់ជនបង្កដើម្បីពិនិត្យសារធាតុស្រវឹងនោះទេ! ព្រោះជនរងគ្រោះ និងជនបង្ក បានកំពុងនិយាយចរចាគ្នា ទើបរហូតដល់ស្អែកឡើង ភាគីទាំងពីរចរចាគ្នាមិនត្រូវ បានក្រុមការងារមន្ត្រីនគរបាលជំនាញចុះវាស់វែង ចំណែកឯជាតិអកុសលមិនបានពិនិត្យនោះទេ»។
អធិការរង ទទួលផែនការងារ ចរាចរណ៍ លោក ឈឿន គឹមសាន បានបន្ថែមទៀតថា៖ បច្ចុប្បន្ននេះ ភាគីសងខាងកំពុងធ្វើការដោះស្រាយគ្នាជាហែលហូរចំនួនពីរដង រវាងជនរងគ្រោះនិងជនបង្ក, ហើយការចរចាសម្របសម្រួលនេះ គឺធ្វើ នៅចំពោះមុខសមត្ថកិច្ចនគរបាល ប៉ុន្តែភាគីសងខាងនេះ នៅតែមិនព្រមត្រូវរ៉ូវតម្លៃគ្នា។
តាមការបញ្ជាក់ឲ្យដឹងពីជនរងគ្រោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ជនបង្ក ដំបូងឡើយ គឺមានចិត្តទទួលខុសត្រូវ សងសំណងជាជំងឺចិត្ត ប៉ុន្តែក្រោយមក នារីស្រស់ស្អាតជាជនបង្ករូបនេះ ចេញចរិកឈ្លើយ បានគេចចេញពីដំណោះស្រាយ គ្មានភាពទទួលខុសត្រូវ ដោយអាងខ្លួនមានមិត្តភក្តិជាមន្ត្រីរាជការ ហើយថែមទាំងបោះសំដី បញ្ឈឺជនរងគ្រោះថា ទៅប្តឹងដល់ណាប្តឹងចុះ អាញ់ មិនខ្លាចទេ អាញ់មានបងប្អូនធ្វើការនៅតុលាការ។
ជនរងគ្រោះបន្ថែមទៀតថា៖ បន្ទាប់ពីជនបង្កបោះសំដី បញ្ឈឺ អះអាងថាខ្លួនមានខ្នងបង្អែកអ្នកធំ ក្រុមជនបង្កក៏បានលួចចុះទៅត្រង់ចំណុចកើតហេតុ បង្គាប់ឲ្យម្ចាស់កាមេរ៉ាសុវត្ថិភាពតាមផ្លូវធ្វើការលុបវីដេអូចេញដើម្បីលុបបំបាត់ភស្តុតាង ប៉ុន្តែម្ចាស់កាមេរ៉ាសុវត្ថិភាពមិនព្រមលុបនោះទេ ដោយយល់ឃើញថា អាណិតជនរងគ្រោះ ដើម្បីយុត្តិធម៌សង្គម ទើបមិនព្រមលុបវីដេអូ ហើយថែមទាំងផ្ញើវីដេអូឲ្យជនរងគ្រោះទុកធ្វើជាភស្តុតាងទៀតផង។
ជុំវិញករណីនេះនារី ដែលជាជនបង្ក POV Dalika បានបំភ្លឺប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ១៣ ខែមិថុនានេះថា៖ ខ្លួនពិតជាអ្នកបើកបររថយន្តបង្កហេតុនេះពិតប្រាកដមែន, ហើយខ្លួនមិនបានបោះសំដី អាងមានមិត្តភក្តិអ្នកធំនោះទេ, ខ្លួនមិនបានស្រវឹងស្រានោះទេ, ខ្លួនបានឲ្យលុយថ្លៃព្យាបាលជំងឺ ៨រយដុល្លារ (800$) ដើម្បីបញ្ចប់រឿង ប៉ុន្តែជនរងគ្រោះមិនព្រមទទួល។
យ៉ាងណាករណីខាងលើនេះ បានបង្ហាញពីភាពមិនប្រក្រតី ដែលសមត្ថកិច្ចនគរបាលស្រុកសង្កែ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបណ្តែតបណ្ដោយមិនព្រម កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ ដោយនៅតែបន្តកប់រឿងទុកឲ្យគាំងលើតុក ធ្វើឲ្យជនបង្កកាន់តែបានចិត្ត យកច្បាប់មកជាន់ឈ្លី មើលងាយអ្នកក្រតូចទាប ព្រោះអាងខ្លួនមានខ្នងបង្អែកអ្នកធំ ប្រមាថជីវិតអ្នកក្រ ដែលគ្មានអ្នកធំខ្នងបង្អែក។
ទោះពន្លឺយុត្តិធម៌នៅឆ្ងាយសន្លឹម ហៅមិនឮយ៉ាងណាក៏ដូនចាស់ វ័យ៦២ឆ្នាំ និងចៅៗ ដែលជាជនរងគ្រោះ បន្តអំពាវនាវស្នើសុំយ៉ាងទទូច ដល់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះពេលនេះឈឺគ្រាំគ្រាទាំងចិត្តទាំងកាយ បាក់ទាំងដៃ បាក់ដងកាំបិតខ្ទេច បាក់ទាំងឆ្អឹងជំនីរគ្មានប្រាក់ព្យាបាលជំងឺ ថែមទាំងរងការប្រមាថមើលងាយពីជនបង្កទៀតផង៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚














No comments