
ខេត្តបាត់ដំបង៖ ខណៈសំណុំរឿងនាយកសាលាបឋមសិក្សាវត្តកែវ ត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់ជាផ្លូវការ និងឃាត់ខ្លួនជនសង្ស័យតាមនីតិវិធីហើយនោះ មហាជនកំពុងសម្តែងការមិនសុខចិត្ត និងទទូចសុំឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះស៊ើបអង្កេតដោយផ្ទាល់ ជុំវិញការចោទប្រកាន់ថា មានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ទារប្រាក់ ១,០០០ដុល្លារ ជាថ្នូរនឹងការសម្រួលបញ្ចប់រឿងក្តីនេះនៅក្នុងអធិការដ្ឋាន។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ទោះបីជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រកាសបើកការស្រាវជ្រាវផ្ទៃក្នុងក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការបំភ្លឺផ្លូវការណាមួយនៅឡើយទេ ថាជាមន្ត្រីរូបណា ឬថាតើមានបទល្មើសជម្រិតទារប្រាក់នេះកើតឡើងពិតប្រាកដ ឬយ៉ាងណានោះឡើយ ដែលធ្វើឱ្យមហាជនកាន់តែចង់ឃើញចំណាត់ការច្បាស់លាស់ពីស្ថាប័នថ្នាក់ជាតិ។
ដោយឡែកចំពោះសំណុំរឿងនាយកសាលា.រំលោ.ភ.សិ.ស្ស.ស្រីអាយុ (១២)ឆ្នាំវិញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជក់ ហុង អាយុ៥៨ឆ្នាំ ជានាយកសាលាបឋមសិក្សាវត្តកែវ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ទិញពេស្យាចារ.កុ.មារ» និង «រួម.ភេ.ទ.ជាមួយអនីតិជនអាយុក្រោម (១៥)ឆ្នាំ» ប្រព្រឹត្តលើក្មេងស្រីរងគ្រោះអាយុ (១២)ឆ្នាំ ជាច្រើនលើកច្រើនសារ ចាប់ពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕


Post a Comment