
ខេត្តបាត់ដំបង៖ ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែង ដែលស្ថិតនៅក្នុងផ្ទះលក់ភេសជ្ជៈ ក្នុងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានគេរាយការណ៍ថា បានបើកដំណើរការយ៉ាងចំហ ដោយពុំមានការកោតក្រែងសមត្ថកិច្ចនោះឡើយ។
យោងតាមការផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ "សុផាត ញ៉ូស៍" ហៅ"ជលសារ" កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ទីតាំងល្បែងអនឡាញខាងលើ បានបើកដំណើរការជាយូរមកហើយ ដោយមានភ្ញៀវចូលលេងយ៉ាងអ៊ូអរ និងមិនមែនជាការលួចលាក់នោះទេ។
ជុំវិញករណីនេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ យ៉ាងខ្លីថា «ទីតាំងនោះ សមត្ថកិច្ចបានចុះធ្វើការរួចរាល់ហើយ» ហើយលោកក៏បានបិទទូរស័ព្ទ ដោយមិនបានបកស្រាយបន្ថែមជុំវិញសំណួរដែលថា តើសមត្ថកិច្ចមានការឃុបឃិត ឬទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងល្បែងនោះដែរឬយ៉ាងណានោះឡើយ។
ដោយឡែក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានចុះទៅពិនិត្យទីតាំងកើតហេតុភ្លាមៗ។ ប៉ុន្តែជាលទ្ធផល សមត្ថកិច្ចអះអាងថា ពុំបានប្រទះឃើញមានសកម្មភាពលេងល្បែងស៊ីសងដូចការបង្ហោះនោះទេ។
ទោះជាយ៉ាងណា ស្ត្រីឈ្មោះ អឿម អង អាយុ ៦១ឆ្នាំ ជាម្ចាស់ទីតាំង បានទទួលស្គាល់ថា កន្លងមកគាត់ពិតជាបានជួលទីតាំងនេះឱ្យក្រុមហ៊ុនបើកភ្នាល់ឆ្នោតឡូតូពិតប្រាកដមែន។
ទោះបីជាយ៉ាងណាក៏ដោយមតិសាធារណៈនៅតែលើកឡើងជាមន្ទិលសង្ស័យថា មុនពេលសមត្ថកិច្ចចុះទៅដល់ ក្រុមអ្នកលេង និងអ្នកកែច្នៃទីតាំងល្បែងប្រហែលជាបានដឹងខ្លួនមុន និងគេចវេះទាន់ពេលវេលា ទើបធ្វើឱ្យសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងពុំប្រទះឃើញបែបនេះ៕


Post a Comment