
ភ្នំពេញ៖ ករណីអាជ្ញាធរកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនលោក ប៉ែន នួន ចាងហ្វាងគេហទំព័រសារព័ត៌មាន «ស្រទាប់យុវវ័យ» ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានបទល្មើសព្រៃឈើ និងការយករូបថតថ្នាក់ដឹកនាំអាជ្ញាធរមកបង្ហោះ បានចោទជាសំណួរផ្លូវច្បាប់យ៉ាងសំខាន់ជុំវិញ «ដែនកំណត់នៃការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន» និង «ការប្រើប្រាស់នីតិវិធីព្រហ្មទណ្ឌ» ក្នុងករណីដែលគ្មានការទាមទារសុំការបំភ្លឺ ឬកែតម្រូវជាមុន។
យោងតាម ច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ មាត្រា ១០ «សិទ្ធិឆ្លើយតប និងកែតម្រូវ» នៃច្បាប់នេះ បានចែងច្បាស់ថា កាលបើបុគ្គល ឬស្ថាប័នណាមួយយល់ថា ការបោះពុម្ពផ្សាយព័ត៌មានមានលក្ខណៈមិនពិត ឬប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន ភាគីនោះមានសិទ្ធិតម្រូវឱ្យសារព័ត៌មានធ្វើការកែតម្រូវ ឬចុះផ្សាយនូវសេចក្តីឆ្លើយតបបំភ្លឺ។
មុនឈានដល់ការឃាត់ខ្លួននេះ លោក ប៉ែន នួន បានដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានបញ្ជាក់ថា រូបលោកបានលុបរូបភាព និងអត្ថបទព័ត៌មានពាក់ព័ន្ធចេញពីគេហទំព័រ និងបណ្តាញសង្គមវិញរួចរាល់ហើយ។ លោក ប៉ែន នួន បានពន្យល់ពីមូលហេតុនៃការខកខានមិនបានចូលខ្លួនតាមដីកាកោះហៅលើកទី២ គឺដោយសារតែលោកមានក្តីបារម្ភ និងភ័យខ្លាច មិនហ៊ានចូលខ្លួនទៅតាមការកោះហៅរបស់កងរាជអាវុធហត្ថ ហើយលោកបានស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីអាចត្រឡប់ទៅជួបជុំគ្រួសារវិញ។
ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួន អ្នកសារព័ត៌មានខាងលើនេះ បានក្លាយជាការជជែកដេញដោល ពីសំណាក់អ្នកសារព័ត៌មានជាតិជាច្រើន ដោយបានសម្តែងក្តីបារម្ភចំពោះនៃការធ្លាក់ចុះសិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពអ្នកសារព័ត៌មាន ខណៈអាជ្ញាធរសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនបានប្រើប្រាស់ «សិទ្ធិបំភ្លឺ» ឬ «លិខិតតវ៉ាសុំកែតម្រូវ» ទៅកាន់អ្នកសារព័ត៌មានជាមុន ប៉ុន្តែឈានទៅប្តឹង និងកោះហៅតាមនីតិវិធីព្រហ្មទណ្ឌ ត្រូវគេមើលឃើញថា ជាការរំលងស្មារតីដើមនៃច្បាប់សារព័ត៌មាន ដែលមានគោលបំណងដោះស្រាយកំហុសឆ្គងវិជ្ជាជីវៈតាមយន្តការអព្យាក្រឹត និងអប់រំ។
ទន្ទឹមនឹងនេះ ក្រុមអ្នកតាមដានសង្គម និងអ្នកជំនាញផ្នែកច្បាប់បានផ្តល់អនុសាសន៍ថា ដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធគួរតែអាទិភាពលើការដោះស្រាយតាមយន្តការច្បាប់សារព័ត៌មានជាមុនសិន។ រីឯអ្នកសារព័ត៌មានក៏ត្រូវតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ និងចូលរួមសហការតាមនីតិវិធីច្បាប់ ដើម្បីជៀសវាងនូវផលវិបាកផ្លូវច្បាប់ជាយថាហេតុ៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚






إرسال تعليق