ស្គាល់អត្តសញ្ញាណអធិការរងក្រុងប៉ោយប៉ែតបើកបរបង្កហេតុ ក្នុងស្ថានភាព «ស្រវឹងគ្រឿងញៀន» មិនមែនស្រវឹងស្រា

ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលរថយន្តកាមរីបាឡែន បើករេចង្កូតបុកម៉ូតូ បណ្តាលឱ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ និងស្រាល រួចបើករត់គេចខ្លួន កាលពីវេលាម៉ោង ០១ និង ៤០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបើកកាយអត្តសញ្ញាណជាផ្លូវការហើយ។ អ្នកបើកបរបង្កហេតុ ត្រូវបានគេស្គាល់ថាជាលោក វរសេនីយ៍ត្រី បុឹង ដូ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារសន្តិសុខ។

យោងតាមការចេញផ្សាយ ដោយទំព័រផ្លូវការរបស់លោក ផែង វណ្ណៈ បានឱ្យដឹងថា ករណីអធិការរងក្រុងប៉ោយប៉ែត បើករថយន្តបុកអ្នកដំណើរឱ្យរងរបួសធ្ងន់ស្រាល ៣នាក់នោះ «មិនមែនជាករណីស្រវឹងស្រានោះទេ គឺលោកអធិការរងរូបនេះ ស្ថិតក្នុងស្ថានភាពស្រវឹងគ្រឿងញៀន»។

ការរកឃើញនេះបានធ្វើឱ្យមហាជន និងអ្នកតាមដានព័ត៌មានសម្តែងការភ្ញាក់ផ្អើល និងក្តៅក្រហាយយ៉ាងខ្លាំង ព្រោះខ្លួនជាមន្ត្រីនគរបាលជាន់ខ្ពស់ អនុវត្តច្បាប់ និងមានតួនាទីការពារសន្តិសុខជូនប្រជាពលរដ្ឋ ប៉ុន្តែបែរជាទៅពាក់ព័ន្ធ ការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ថែមទាំងបើកបរក្នុងស្ថានភាពបាត់បង់ម្ចាស់ការ បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងបើករត់គេចខ្លួនយ៉ាងអមនុស្សធម៌។

មហាជនបានលើកឡើងជាកំហឹងថា «គ្រឿងញៀន បំផ្លាញសុខភាព បំផ្លាញអនាគត និងបំផ្លាញអាយុជីវិតអ្នកដទៃ» ហើយស្នើសុំឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អនុវត្តវិន័យកងកម្លាំងយ៉ាងម៉ឺងម៉ាត់បំផុត ដោយត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការយោគយល់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងសង្គមជាតិទាំងមូល៕

Post a Comment

أحدث أقدم