ប្រជាពលរដ្ឋស្នើអាជ្ញាធរ និងសមត្ថកិច្ចខេត្តកណ្តាល ចាត់វិធានការបន្ទាន់លើរថយន្តដឹកខ្សាច់ធុនធ្ងន់ និងការដឹកជញ្ជូនលើសទម្ងន់ប៉ះពាល់ស្ពានព្រែកសំរោង និងសុវត្ថិភាពចរាចរណ៍

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរលើផ្លូវថ្នល់ កំពុងសំដែងក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពចរាចរណ៍របស់រថយន្តដឹកខ្សាច់ធុនធ្ងន់ និងការដឹកជញ្ជូនសម្ភារសំណង់ផ្សេងៗ ដែលបើកបរក្រោមស្ពាន ឡើងចុះយ៉ាងសកម្មនៅក្បាលស្ពានព្រែកសំរោង។

បញ្ហានេះមិនត្រឹមតែបង្កហានិភ័យដល់រចនាសម្ព័ន្ធស្ពាន និងធ្វើឱ្យផ្លូវថ្នល់ក្នុងមូលដ្ឋានផុយទ្រោមខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពអាយុជីវិតរបស់អ្នកដំណើរ ដោយសារការបើកបរលឿន គ្មានបច្ចេកទេសគ្របបាំង និងដឹកលើសសំពោងខ្ពស់ហួសទ្រុង។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទម្ងន់យានយន្តដឹកជញ្ជូនធុនធ្ងន់ ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ និងការខកខានមិនបានបិទបាំងវត្ថុធាតុដើម «ខ្សាច់» ឱ្យបានត្រឹមត្រូវ រហូតធ្លាក់រាយប៉ាយលើថ្នល់ គឺជាអំពើល្មើសច្បាប់ និងត្រូវទទួលរងការពិន័យយ៉ាងតឹងរ៉ឹងពីស្ថាប័នមានសមត្ថកិច្ច។

ប្រជាពលរដ្ឋរួមទាំងអ្នកធ្វើដំណើរលើផ្លូវក្នុងមូលដ្ឋាន សូមទទូចស្នើសុំជាបន្ទាន់ដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និង អភិបាលខេត្តកណ្តាល ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយចាត់វិធានការដូចខាងក្រោម៖

១. រឹតបន្តឹងច្បាប់ទម្ងន់៖ បង្កើតកិច្ចប្រតិបត្តិការត្រួតពិនិត្យ និងដាក់គោលដៅថ្លឹងរថយន្តចល័ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឆ្លងកាត់ស្ពានព្រែកសំរោង។

២. ត្រួតពិនិត្យបច្ចេកទេសដឹកជញ្ជូន៖ ឃាត់ឃាំង និងផាកពិន័យជាបន្ទាន់ចំពោះរថយន្តដឹកខ្សាច់ណាដែលមិនមានការគ្របបាំងជិតល្អ បង្កការធ្លាក់ខ្សាច់រាយប៉ាយ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

៣. ពិនិត្យអាជីវកម្ម៖ ចុះពិនិត្យភាពស្របច្បាប់នៃទីតាំងអាជីវកម្មស្តុក និងចែកចាយខ្សាច់នៅក្បែរគោលដៅក្នុងភូមិសាស្ត្រស្ពានព្រែកសំរោងនោះ ដើម្បីធានាថាការធ្វើអាជីវកម្មមិនប៉ះពាល់ដល់ផលប្រយោជន៍ និងសុវត្ថិភាពសាធារណៈ។

៤. ចាត់វិធានការច្បាប់ដោយគ្មានការលើកលែង៖ ស្នើសុំឱ្យ កម្លាំងនគរបាលចរាចរណ៍ និងនគរបាលប៉ុស្តិ៍មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រចាំការបង្ក្រាប និងទប់ស្កាត់ជាប្រចាំនៅចំណុចក្បាលស្ពាន និងក្រោមស្ពានព្រែកសំរោង ដោយមិនត្រូវបណ្តែតបណ្តោយឱ្យរថយន្តដឹកខ្សាច់ល្មើសច្បាប់ទាំងនោះ បន្តសកម្មភាពបំពានច្បាប់ និងគំរាមកំហែងអាយុជីវិតពលរដ្ឋទៀតឡើយ៕

Post a Comment

أحدث أقدم