
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន ប្រធានក្រុមហ៊ុនសន្តិសុខឯកជន NMR ដែលសង្ស័យថា ពុំមានភាពសុចរិតនៃការប្រើប្រាស់គោរម្យងារជា "បណ្ឌិត" និង "សាស្ត្រាចារ្យ" បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នអយ្យការ ប្ដឹងចាងហ្វាង «កងមាស ញូស៍» គឺលោក ឆុំ ដានី ដែលគេស្គាល់ថាជាអ្នកជំនាញសរសេរព័ត៌មានម្នាក់ក្នុងវិស័យសារព័ត៌មាន។
ករណីប្ដឹងចាងហ្វាង «កងមាស ញូស៍» លោក ឆុំ ដានី ទៅស្ថាប័នអយ្យការនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាតិជាច្រើន ដោយបានដេញដោលសួរ និងងឿងឆ្ងល់ព្រមទាំងចោទសួរថា តើឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សួន សុខឌឿន មានភស្តុតាងគ្រប់គ្រាន់ដើម្បីទាមទារឱ្យស្ថាប័នតុលាការដាក់បន្ទុកចោទប្រកាន់លើលោកចាងហ្វាងដែរឬយ៉ាងណា?។
ពាក់ព័ន្ធទៅនិងការប្តឹងផ្តល់ ពីសំណាក់ប្រធានក្រុមហ៊ុនសន្តិសុខ NMR នេះ លោកចាងហ្វាង «កងមាស ញូស៍» ពុំបានសម្តែងក្តីបារម្ភចំពោះ ពាក្យបណ្តឹង របស់ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន នោះទេ។
លោកចាងហ្វាង «កងមាស» យល់ឃើញថា ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យចាងហ្វាងអគនាយក សួន សុខឌឿន ប្រធានក្រុមសន្តិសុខឯកជន NMR គឺកំពុងបានជ្រុលឈានជើងដើរចូលតាមផ្លូវតុលាការ ទាំងងងើ និងសង្ឃឹមថាឯកឧត្តមសាស្ត្រាចារ្យប្រឹងប្រែងរកភស្តុតាងឲ្យច្រើននិងមានស្ថានទម្ងន់ ដើម្បីដាក់បន្ទុកលើ «កងមាស ញូស៍» ដើម្បីបំពេញតាមតម្រូវការចង់បានរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកចាងហ្វាង «កងមាស ញូស៍» ក៏បានទទូចស្នើសុំដល់ស្ថាប័នអយ្យការ និងតុលាការមានសមត្ថកិច្ច មេត្តាពិនិត្យមើលលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដោយសុចរិតភាព ដើម្បីផ្តល់ភាពយុត្តិធម៌ប្រកបដោយតម្លាភាព ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

إرسال تعليق