កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផលនៅអាងកំពីងពួយ ខេត្តបាត់ដំបង និងព្រលែងត្រីចម្រុះចូលធម្មជាតិវិញ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយុទ្ធនាការបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មនៅចំណុច អាងកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

យុទ្ធនាការបង្ក្រាបនេះ ត្រូវបានរៀបចំឡើងក្រោមការចូលរួមសហការពី លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដោយមានកម្លាំងសរុបចំនួន ០៩នាក់ មកពីអធិការដ្ឋានរដ្ឋបាលជលផល និងសហគមន៍នេសាទ និងប្រើប្រាស់មធ្យោបាយកាណូតចំនួន ០៣គ្រឿង។

ជាលទ្ធផលនៃការចុះអនុវត្តច្បាប់នេះ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញនិងបង្ក្រាបបទល្មើសនេសាទចំនួន ០២ករណី ដែលប្រើប្រាស់ឧបករណ៍ស្បៃមុង និងលប ដោយបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖
   * របាំងស្បៃមុង៖ ៣៥០ម៉ែត្រ
   * លបកន្ទុយកណ្តុរ៖ ៣៥គ្រៀង
   * លូស្បៃមុង៖ ៤០មាត់
   * បង្គោលចាក់ស្រែអន្ទង់/របាំង៖ ១៤០ដើម

ទន្ទឹមនឹងការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វើការ ព្រលែងត្រីចម្រុះចំនួន ១៥គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញភ្លាមៗផងដែរ។

រដ្ឋបាលជលផលខេត្តបាត់ដំបង ប្តេជ្ញាបន្តចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសជលផលក្នុងតំបន់អភិរក្ស និងអាងទឹកសំខាន់ៗ ដើម្បីការពារធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យឈប់ប្រកបរបរនេសាទខុសច្បាប់គ្រប់ប្រភេទ និងសូមចូលរួមថែរក្សា ការពារធនធានជលផលធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារស្របតាមច្បាប់កំណត់ ដើម្បីធានាបាននូវនិរន្តរភាពផលត្រីយូរអង្វែង៕

Post a Comment

أحدث أقدم