
ខេត្តតាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ប្រភេទជល់មាន់ ០១កន្លែង ដោយជោគជ័យ ស្ថិតក្នុងភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការផ្លូវការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។ ការចុះបង្ក្រាបភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពលួចលាក់បើកភ្នាល់ល្បែងស៊ីសងតាមអ៊ីនធឺណិត ដែលបង្កការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ក្នុងឱកាសនោះ អាជ្ញាធរដែនដីបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទីតាំងល្មើស ដោយបានរឹបអូសវត្ថុតាងពាក់ព័ន្ធ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីទប់ស្កាត់មិនឱ្យមានការលួចបើកលេងជាថ្មី។
លោក សាយ វណ្ណៈ បានគូសបញ្ជាក់ថា អាជ្ញាធរស្រុកបាទីនឹងបន្តរឹតបន្តឹង និងអនុវត្តតាមទិសដៅនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ដោយមិនលើកលែងចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ណាមួយឡើយ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើឃើញសកម្មភាពបទល្មើស ឬការលួចលាក់បើកល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន៕





إرسال تعليق