
ខេត្តកំពង់ចាម៖ មជ្ឈដ្ឋានមហាជន និងក្រុមអ្នកច្បាប់ កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះភាពអសកម្ម និងការបើកដៃយ៉ាងគគ្រឹកគគ្រេងពីសំណាក់ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម ដែលបានបណ្តោយ និងអនុញ្ញាតឱ្យគណៈកម្មការផ្សារបឹងកុក យកទ្រព្យសម្បត្តិសាធារណៈ ដីចំណីផ្លូវ និងផ្លូវថ្នល់ យកមកធ្វើជាទីតាំងផ្ញើម៉ូតូប្រមូលលុយ បង្កឱ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវជាប្រចាំ និងបន្តប្រមូលប្រាក់ភាស៊ីពីអាជីវករខ្នាតតូចយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ខ្វាយពីផលប៉ះពាល់សង្គម និងការបំពានយ៉ាងធ្ងន់ធ្ងរលើបទបញ្ជាថ្នាក់ដឹកនាំជាតិ។
យោងតាមប្រភពពីអាជីវករបានទម្លាយឱ្យដឹងថា ទីតាំងធ្វើអាជីវកម្មផ្ញើម៉ូតូតាមបណ្តោយផ្លូវមុខផ្សារបឹងកុក ត្រូវបានជួលក្នុងតម្លៃ ១៦ម៉ឺនរៀលក្នុងមួយថ្ងៃ ក្នុងមួយទីតាំង។ ខណៈរបាយការណ៍ផ្លូវការបានបញ្ជាក់យ៉ាងច្បាស់ថា នៅតាមបណ្តោយផ្លូវមុខផ្សារបឹងកុក មានទីតាំងអាជីវកម្មប្រភេទនេះប្រមាណជា ១២កន្លែង ដែលគណនាជាមធ្យមបង្កើតបាននូវចរន្តទឹកប្រាក់ខុសច្បាប់ចំនួន ១,៩២០,០០០រៀល (មួយលានប្រាំបួនសែនម្ភៃម៉ឺនរៀល) ក្នុងមួយថ្ងៃ និងស្មើនឹងទឹកប្រាក់សរុបយ៉ាងហោចណាស់ ៧០០,៨០០,០០០រៀល (ប្រាំពីររយលានប្រាំបីសែនរៀល) ក្នុងមួយឆ្នាំ។ បន្ថែមពីលើនេះ ក្រុមប្រធានផ្សារក៏បានបន្តយកប្រាក់ភាស៊ីពីប្រជាពលរដ្ឋក្រីក្រ លក់ដូរទំនិញបន្លែផ្លែឈើតាមកញ្ច្រែង កញ្ជើ ល្អី រាប់សិបនាក់ក្នុងកម្រិត ៣០០រៀល ដល់ ៥០០រៀល ក្នុងម្នាក់ពីរដងក្នុងមួយថ្ងៃ យ៉ាងអយុត្តិធម៌។
ទាក់ទងនឹងរឿងរ៉ាវដ៏ក្តៅគគុកនេះ លោក ជា ប៊ុនសែន ប្រធានផ្សារបឹងកុក បានចេញមុខមកបកស្រាយដោយគ្មានមូលដ្ឋានគតិយុត្តិ ដោយអះអាងថា លុយដែលបានមកពីកន្លែងផ្ញើម៉ូតូមិនបានធ្លាក់ចូលហោប៉ៅខ្លួនទេ គឺយកមកបើកប្រាក់ខែបុគ្គលិក និងក្រុមការងារអនាម័យផ្សារ។ ចំណែកឯ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានព្យាយាមគេចវេសពីការទទួលខុសត្រូវ ដោយបំភ្លឺអះអាងយ៉ាងត្រជាក់ទ្រូងថា ការអនុញ្ញាតរៀបចំឱ្យមានកន្លែងផ្ញើម៉ូតូតាមដងផ្លូវ គឺធ្វើឡើងដើម្បីធ្វើជា «រនាំង» ទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋរំលោភយកផ្លូវលក់ដូរ និងបដិសេធថារដ្ឋបាលក្រុងមិនបានពាក់ព័ន្ធផលប្រយោជន៍ហិរញ្ញវត្ថុនោះឡើយ។
យោងតាមការបំភ្លឺខាងលើនេះ គឺជាការបង្ហាញពីការសារភាពដោយប្រយោលនូវកំហុសឆ្គង និងការបំពានច្បាប់យ៉ាងច្បាស់ក្រឡែត ព្រោះថាសកម្មភាព និងទង្វើនេះ គឺកំពុងអនុវត្តផ្ទុយពីសារាចរលេខ ១១ ស.រ. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការលុបបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី» ដែលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយហាមឃាត់ដាច់ខាតមិនឱ្យមានការប្រមូលប្រាក់បង់ថ្លៃឈ្នួលទីតាំង ថ្លៃសេវា ឬភាស៊ី ពីបងប្អូនអាជីវករខ្នាតតូចឡើយ។ ការប្រមូលប្រាក់ពីអ្នកលក់ដូរតាមកញ្ច្រែងកញ្ជើ គឺជាអំពើ «រឹងរូសប្រឆាំងនឹងបទបញ្ជាថ្នាក់ដឹកនាំជាតិ»។
ផ្អែកលើច្បាប់ភូមិបាល និងច្បាប់រដ្ឋបាលសាធារណៈ ផ្លូវថ្នល់ និងចិញ្ចើមផ្លូវ គឺជា «សម្បត្តិសាធារណៈរបស់រដ្ឋ» ដែលត្រូវបម្រើឱ្យប្រយោជន៍សាធារណៈ និងចរាចរណ៍ទូទៅ។ ការយកទ្រព្យសម្បត្តិរដ្ឋទៅប្រគល់ឱ្យបក្ខពួក ឬគណៈកម្មការផ្សារធ្វើអាជីវកម្មរកចំណូលផ្ទាល់ខ្លួន ក្រោមលេសដោះសា «បើកប្រាក់ខែឱ្យបុគ្គលិក» មិនអាចយកមកលុបលាងកំហុសព្រហ្មទណ្ឌនៃការរំលោភអំណាចបានឡើយ។
ទង្វើ និងសកម្មភាពនេះ សាធារណៈមតិបានលើកឡើងថា គឺជា សកម្មភាពប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈប្រព័ន្ធ និងកំពុង ញាំញី បំផ្លាញកិត្តិនាម ស្ថាប័នថ្នាក់មូលដ្ឋានយ៉ាងធ្ងន់ធ្ងរ និងបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ មជ្ឈដ្ឋានមហាជន និងអាជីវករ សូមស្នើសុំយ៉ាងទទូច និងជាបន្ទាន់ជូនចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធ មេត្តាចាត់វិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់ ចំពោះបុគ្គល និងបក្ខពួក ទាំងឡាយណាដែលបានគប់គិតគ្នាប្រព្រឹត្តអំពើមួយនេះ និងស្នើសុំឱ្យចាត់វិធាន រុះរើជាបន្ទាន់ រាល់សំណង់ ឬទីតាំងអាជីវកម្មខុសច្បាប់នៅលើដីចំណីផ្លូវមុខផ្សារបឹងកុក ដើម្បីរំដោះយកផ្លូវសាធារណៈជូនប្រជាពលរដ្ឋធ្វើចរាចរណ៍វិញប្រកបដោយសុវត្ថិភាព។
អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ នឹងបន្តតាមដានយ៉ាងដិតដល់នូវចំណាត់ការ ផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តផ្តល់ព័ត៌មានពិតប្រាកដ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕




Post a Comment