«កាតព្វកិច្ចពន្ធ» មិនមែនជា «សិទ្ធិរំលោភច្បាប់ចរាចរណ៍» ឡើយ.! អំពាវនាវដល់អ្នកបើកបររថយន្តធុនធំ ស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីគម្លាតរវាង «កាតព្វកិច្ចពន្ធ» និង «ច្បាប់ចរាចរណ៍»

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការរាយការណ៍ពីក្តីបារម្ភរបស់ប្រជាពលរដ្ឋ ជុំវិញសកម្មភាពរថយន្តធុនធ្ងន់ប្រភេទកុងតឺន័រ និងរថយន្តដឹកទំនិញធុនធំ ដែលបើកបរឆ្លងកាត់ផ្លូវលេខ ១០៩ ផ្លូវបេតុងទំហំប្រមាណ ៨ម៉ែត្រ មុខមន្ទីរពេទ្យហ្លួងម៉ែ ខណ្ឌដង្កោ ក្រុមអ្នកបើកបររថយន្តធុនធំមួយចំនួនបានបង្ហាញការមិនពេញចិត្ត ដោយលើកឡើងថា៖ «ពួកគាត់បានបង់ពន្ធផ្លូវរាប់លានរៀលក្នុងមួយឆ្នាំៗ ហេតុអ្វីគ្មានសិទ្ធិបើកបរលើផ្លូវត្រង់នេះ?»។

បើយោងតាមទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ត ការលើកឡើងខាងលើនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់អំពី «គម្លាតនៃការយល់ដឹង» រវាងកាតព្វកិច្ចសារពើពន្ធ និងបទបញ្ញត្តិនៃការប្រកបអាជីវកម្មដឹកជញ្ជូន ដែលតម្រូវឱ្យក្រុមតៃកុងរថយន្តទាំងនោះមានការស្វែងយល់ដូចខាងក្រោម៖
១. ពន្ធផ្លូវ មិនមែនជាលិខិតអនុញ្ញាតឱ្យរំលោភច្បាប់៖ «ពន្ធលើមធ្យោបាយដឹកជញ្ជូន» គឺជាកាតព្វកិច្ចសារពើពន្ធទូទៅជូនរដ្ឋ មិនមែនជាប័ណ្ណបើកផ្លូវ ឬសិទ្ធិលើកលែងឱ្យរំលោភលើ «ច្បាប់ចរាចរណ៍ផ្លូវគោក» ក៏ដូចជាលក្ខណៈបច្ចេកទេសផ្លូវឡើយ។
២. ខុសបទដ្ឋានបច្ចេកទេសផ្លូវ ទំហំ ៨ម៉ែត្រ៖ ផ្លូវបេតុងដែលមានទំហំ ៨ម៉ែត្រ មិនត្រូវបានរចនាឡើង សម្រាប់ទ្រទម្ងន់សង្កត់អ័ក្សនៃរថយន្តធុនធ្ងន់នោះទេ។ ការបើកបរកាត់ផ្លូវនេះនឹងធ្វើឱ្យផ្ទៃផ្លូវឆាប់ស្រុត បាក់បែក និងខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការជួសជុល។
៣. ហានិភ័យធ្ងន់ធ្ងរដល់តំបន់សង្គ្រោះបន្ទាន់៖ ផ្លូវនៅមុខមន្ទីរពេទ្យទាមទារភាពរលូន និងសុវត្ថិភាពជាប្រចាំ ការស្ទះចរាចរណ៍ដោយសាររថយន្តធំៗ អាចរារាំងដំណើរការរបស់រថយន្តសង្គ្រោះបន្ទាន់ ដែលជាការគំរាមកំហែងផ្ទាល់ដល់អាយុជីវិតអ្នកជំងឺ។
ដូច្នេះការលើកឡើងរបស់ក្រុមអ្នកបើកបររថយន្តធុនធំថា «ពួកគាត់បានបង់ពន្ធផ្លូវរាប់លានរៀលក្នុងមួយឆ្នាំៗ ហេតុអ្វីគ្មានសិទ្ធិបើកបរលើផ្លូវត្រង់នេះ?» គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ភាពកង្វះខាតនៃការយល់ដឹង អំពី គម្លាតរវាង «កាតព្វកិច្ចពន្ធ» និង «ច្បាប់ចរាចរណ៍» ពោលគឺ៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាការចូលរួមចំណែកកសាងជាតិស្របតាមច្បាប់ ប៉ុន្តែវាមិនមែនជាការទិញ «ឯកសិទ្ធិ» ដើម្បីយកមកបើកបររំលោភលើបម្រាម លើសទម្ងន់កំណត់ ឬបង្កហានិភ័យដល់សន្តិសុខសង្គម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនោះឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងសាធារណជន នៅតែបន្តទទូចស្នើឱ្យ អាជ្ញាធរខណ្ឌដង្កោ និង សមត្ថកិច្ចចរាចរណ៍ជំនាញ រាជធានីភ្នំពេញ មេត្តាចុះពិនិត្យ និងចាត់វិធានការ ដោយធ្វើការបំពាក់ផ្លាកសញ្ញាហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ ឬផ្លាកសញ្ញាកំណត់ទម្ងន់អតិបរមា នៅច្រកចូលសងខាងនៃផ្លូវលេខ ១០៩ មុខមន្ទីរពេទ្យហ្លួងម៉ែឱ្យបានឆាប់រហ័ស និងចាត់បញ្ជូនកម្លាំងមន្ត្រីជំនាញចុះសម្រួល ណែនាំ បង្វែរទិសដៅ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់ ជូនមន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ទីនោះ៕

Post a Comment

Previous Post Next Post