
ខេត្តត្បូងឃ្មុំ៖ រយៈពេលប្រមាណជាជិត ៤ឆ្នាំមកហើយ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ កំពុងក្លាយជាឧបករណ៍នៃការរំលោភបំពានយ៉ាងកំរោលពីសំណាក់អ្នកវិនិយោគ ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងរក្សាភាពស្ងៀមស្ងាត់គួរឱ្យសង្ស័យ ដោយមិនឃើញចាត់វិធានការផ្លូវច្បាប់អ្វីសោះ ជុំវិញគម្រោងវិនិយោគជលយានកំពង់ផែត្បូងឃ្មុំ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបានលោក ហ៊ាង វិបុល មិនបានបំពេញស្របតាមកិច្ចសន្យា និងលក្ខខណ្ឌកំណត់។
យោងតាមលិខិតសំណើពាក់ព័ន្ធជាច្រើនច្បាប់ និងកំណត់ហេតុស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងស្នើសុំវិនិយោគចំណតជលយានកំពង់ផែត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធ និងគណៈកម្មការចម្រុះចំនួន ១៤រូប ចូលរួមត្រួតពិនិត្យវាយតម្លៃ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឱ្យលោក ហ៊ាង វិបុល ធ្វើជាម្ចាស់វិនិយោគចំណតជលយានកំពង់ផែត្បូងឃ្មុំ។
ស្មារតីនៃសេចក្តីសម្រេច និងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ បានកំណត់ថា លោក ហ៊ាង វិបុល ត្រូវចំណាយទុនវិនិយោគសរុបតាមការវាយតម្លៃជាក់ស្តែងចំនួន ៩៧៧.១៣២.០០០រៀល (ប្រាំបួនរយចិតសិបប្រាំពីរលានមួយរយសាមសិបពីរពាន់រៀល) និងត្រូវបានអនុញ្ញាតឱ្យរំលស់ទុនមកវិញតាមរយៈការធ្វើអាជីវកម្មប្រមូលភាស៊ីរយៈពេល ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ ។ និងត្រូវឲ្យបង់ចំណូលជូនថវិកាខេត្តក្នុង ១ឆ្នាំ ចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល) និងត្រូវបង្កើន ៥% រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងបង់ពន្ធដារតាមច្បាប់កំណត់ និងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កែលម្អសួនច្បារ និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈតាមការសន្យា។
ទោះបីជាមានការកំណត់លក្ខខណ្ឌ និងកិច្ចសន្យាវិនិយោគយ៉ាងច្បាស់លាស់បែបនេះក្តី ប៉ុន្តែការពិតជាក់ស្តែងរយៈពេលជិត ៤ឆ្នាំមកនេះ លោក ហ៊ាង វិបុល ត្រូវបានគេមើលឃើញថា មិនបានអនុវត្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមកិច្ចសន្យា ដែលតម្រូវឱ្យបំពាក់អំពូលភ្លើងសូឡាចាប់ពីកំពង់ផែរហូតដល់សាលាឃុំទន្លេបិទ និងពីស្ពានគីហ្សូណាដល់សាលាឃុំទន្លេបិទ ព្រមទាំងការរៀបចំសួនច្បារអមសងខាងផ្លូវនោះឡើយ ដោយការពិតជាក់ស្តែងគឺ «អត់មានសោះ អត់មានតែម្តង»។ មិនតែប៉ុណ្ណោះ ក្នុងកិច្ចសន្យាក៏បានតម្រូវឱ្យមានការជួសជុលកែលម្អជាប្រចាំក្នុងរយៈពេល ១៥ឆ្នាំ នៃការធ្វើអាជីវកម្ម ប៉ុន្តែពេលនេះសូម្បីតែហេដ្ឋារចនាសម្ព័ន្ធដើមក៏មិនមានផង ដូច្នេះកាតព្វកិច្ចថែទាំក៏ត្រូវខកខានទាំងស្រុង។
ជាងនេះទៅទៀត ផ្អែកតាមលក្ខខណ្ឌកិច្ចសន្យា គម្រោងវិនិយោគនេះត្រូវបានកំណត់រយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ គិតតាំងពីថ្ងៃចុះហត្ថលេខា ដើម្បីចាប់ផ្តើមដំណើរការសាងសង់និងអភិវឌ្ឍ។ ក្នុងករណីខកខានមិនបានអនុវត្តតាមការកំណត់នេះ កិច្ចសន្យានឹងត្រូវរំលាយដោយស្វ័យប្រវត្តិ ឬភាគីរដ្ឋ និងអាជ្ញាធរមានសិទ្ធិរំលាយកិច្ចសន្យាជាឯកតោភាគី ព្រមទាំងរឹបអូសយកប្រាក់កក់ ប្រាក់ធានា ដែលបម្រើឱ្យអាជីវកម្មរបស់លោក ហ៊ាង វិបុល មកជាកម្មសិទ្ធិរបស់រដ្ឋទាំងស្រុង ប៉ុន្តែអាជ្ញាធរហាក់បណ្តែតបណ្តោយឱ្យបុគ្គលនេះប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានតម្លាភាពទៅវិញ។
ជុំវិញភាពមិនប្រក្រតី និងការព្រងើយកន្តើយនេះ មហាជន ព្រមទាំងអង្គការសង្គមស៊ីវិល បាននិងកំពុងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះមន្ត្រីជំនាញពាក់ព័ន្ធដែលបានចុះហត្ថលេខាពិនិត្យនិងវាយតម្លៃកាលពីដើមទី ហេតុអ្វីបានជាបណ្តែតបណ្តោយឱ្យបុគ្គលខាងលើបន្តប្រកបអាជីវកម្ម និងប្រមូលផលប្រយោជន៍ជាច្រើនឆ្នាំ ដោយគ្មានការចុះត្រួតពិនិត្យ ឬដាក់វិធានការផ្លូវច្បាប់ដើម្បីដកហូតសិទ្ធិ ឬបង្ខំឱ្យអនុវត្តតាមកិច្ចសន្យាសោះបែបនេះ។
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានយើង បានទាក់ទងសុំការបំភ្លឺពី លោក ហ៊ាង វិបុល ម្ចាស់គម្រោងវិនិយោគ ដោយលោកបានអះអាងថា មូលហេតុដែលគម្រោងមិនទាន់បានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់បង្គោលភ្លើងសូឡាពីកំពង់ផែដល់សាលាឃុំ និងពីស្ពានគីហ្សូណាដល់សាលាឃុំ គឺបណ្តាលមកពីរដ្ឋមិនទាន់បានចេញ "សៀវភៅបន្ទុក" ឱ្យលោក។ ដោយឡែក អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីអភិបាលខេត្តត្បូងឃ្មុំ បាននៅឡើយទេ រហូតមកទល់ពេលនេះ ដោយសារគ្មានទូរស័ព្ទទំនាក់ទំនង ប៉ុន្តែអង្គភាពយើងរង់ចាំជានិច្ចនូវការពន្យល់បកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។
មហាជន និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សំណូមពរយ៉ាងទទូចដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់ ចំពោះភាពអសកម្ម និងការរក្សាភាពស្ងៀមស្ងាត់របស់មន្ត្រីខេត្តត្បូងឃ្មុំ ជុំវិញគម្រោងវិនិយោគចំណតជលយានកំពង់ផែត្បូងឃ្មុំនេះ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងធានាថាទ្រព្យសម្បត្តិរដ្ឋមិនត្រូវបានបុគ្គលណាមួយយកទៅកេងប្រវ័ញ្ចតាមអំពើចិត្ត៕






Post a Comment