មហាជនហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះវិធីសាស្ត្រ «មើលដោយភ្នែកដឹងទម្ងន់» នៅស្ថានីយ៍ជញ្ជីងពុកឆ្មា ខណៈលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈគ្មានការបកស្រាយ ដែលគួរឱ្យសង្ស័យ

ខេត្តបាត់ដំបង៖ មហាជន និងបងប្អូនអាជីវករដឹកជញ្ជូនទំនិញកំពុងងឿងឆ្ងល់ និងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មា ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីមានសកម្មភាពបែងចែករថយន្តចូលថ្លឹង និងមិនចូលថ្លឹង និងការបើកដៃពីសំណាក់លោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អនុញ្ញាតឱ្យរថយន្តខ្លះបើកបរវាងកាត់តាមផ្លូវសង្គួរ (ផ្លូវបម្រុង) ដោយផ្អែកលើការវាយតម្លៃមើលដោយភ្នែកផ្ទាល់។

លោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មា បានប្រាប់សារព័ត៌មានថា ស្ថានីយ៍មានផ្លូវបម្រុងជាប់គ្នា ដោយហេតុផលថា យានយន្តណាដែលមើលទៅមិនលើសទម្ងន់ គឺតម្រូវឱ្យបើកបរចូលតាមផ្លូវបម្រុង (ផ្លូវសង្គួរ) ដើម្បីចៀសវាងការកកស្ទះ និងប៉ះពាល់ដល់ចរាចរណ៍សាធារណៈ ខណៈរថយន្តណាដែលមើលទៅសង្ស័យថាដឹកធ្ងន់ ទើបឲ្យចូលផ្លូវត្រង់ដើម្បីថ្លឹងនិងពិនិត្យទម្ងន់ជាក់ស្តែង។ លោកប្រធានស្ថានីយ៍ដដែលរូបនេះបានបន្ថែមទៀតថា អ្នកបើកបររថយន្ត (តៃកុងឡាន) ដែលឆ្លងកាត់ គឺត្រូវតែចូលជួបមន្ត្រីប្រចាំការដើម្បីយកប័ណ្ណទំនិញមកបង្ហាញ និងផ្ទៀងផ្ទាត់ជាមុនសិន។
ទោះជាយ៉ាងណា ការបកស្រាយនេះ ត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការហួសចិត្ត និងចំអកយ៉ាងខ្លាំងតាមរយៈមតិយោបល់ (Comments) ដោយពួកគាត់បានសួរសំណួរចំអកចំៗថា៖ «តើការអនុវត្តច្បាប់ត្រួតពិនិត្យទម្ងន់យានយន្ត ត្រូវផ្អែកលើឧបករណ៍វាស់ស្ទង់ផ្លូវការ ឬត្រូវផ្អែកលើការប៉ាន់ស្មានដោយភ្នែកទទេរ (ឬញាណទី៦) របស់មន្ត្រីប្រចាំការ?»។ បន្ថែមពីលើនេះ សាធារណមតិក៏បានលើកឡើង និងដាក់ការសង្ស័យផងដែរថា តៃកុងរថយន្តចូលជួបមន្ត្រីប្រចាំការទាំងនោះ គឺមានភាពមិនប្រក្រតី ឬពាក់ព័ន្ធនឹងការកាន់លុយទៅជាមួយដើម្បីដោះដូរ។
អ្នកជំនាញផ្នែកច្បាប់ និងមហាជនបានលើកឡើងថា ការបកស្រាយខាងលើមិនស្របតាមស្តង់ដារច្បាប់ និងគោលការណ៍ត្រួតពិនិត្យទម្ងន់យានយន្តឡើយ ព្រោះការប្រើប្រាស់ការប៉ាន់ស្មានដោយភ្នែក ជំនួសឱ្យការថ្លឹងទម្ងន់នៅលើឧបករណ៍ផ្លូវការ គឺងាយនឹងបង្កឱ្យមានភាពអនាធិបតេយ្យ ការរើសអើង និងការអនុវត្តច្បាប់ស្ដង់ដារពីរ ដែលផ្ទុយស្រឡះពីច្បាប់ស្តីពីការត្រួតពិនិត្យទម្ងន់យានយន្តលើសកំណត់។
បន្ថែមពីលើភាពចម្រូងចម្រាសនេះ មហាជនក៏បានដាក់ការសង្ស័យផងដែរថា អាចមានការចូលរួមបើកដៃពីសំណាក់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ដែលជាអ្នកគ្រប់គ្រងផ្ទាល់លើកិច្ចការងារនេះ។ ប៉ុន្តែទោះជាយ៉ាងណា ជុំវិញការសង្ស័យ និងការស្នើសុំការពន្យល់បំភ្លឺ អង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ព្រួញ រិទ្ធថា បាននោះទេ ដោយសារតែទូរស័ព្ទខលចូលច្រើនដង ប៉ុន្តែគ្មានអ្នកទទួលឡើយ។
ជុំវិញបញ្ហាអសកម្មភាព និងភាពមិនប្រក្រតីនៃការអនុវត្តច្បាប់ខាងលើ សាធារណជន និងបងប្អូនអាជីវករដឹកជញ្ជូន ស្នើសុំយ៉ាងទទូចឱ្យមានការបញ្ជាក់ឱ្យបានច្បាស់លាស់ពីស្ថាប័នជំនាញ ថាតើស្ថានីយ៍ជញ្ជីងពិតជាអាចដើរតួនាទីពីរក្នុងពេលតែមួយ និងអនុញ្ញាតឱ្យរថយន្តចូល ឬមិនចូលថ្លឹងតាមការយល់ឃើញ ដោយមិនផ្អែកលើគោលការណ៍ច្បាប់តឹងរ៉ឹងដូចការលើកឡើងរបស់លោក ហេង ប៊ុនលី ប្រធានស្ថានីយបានដែរឬទេ?។
អាស្រ័យហេតុនេះ សាធារណជន និងអាជីវករដឹកជញ្ជូន សូមអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចាត់វិធានការចុះត្រួតពិនិត្យ និងស៊ើបអង្កេតជាបន្ទាន់ ដើម្បីធានាបាននូវតម្លាភាព អព្យាក្រឹតចំពោះមុខច្បាប់ និងជម្រះរាល់មន្ទិលសង្ស័យរបស់មហាជនមកលើការអនុវត្តតួនាទីរបស់មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងពុកឆ្មាមួយនេះ៕

Post a Comment

Previous Post Next Post