ក្ដីបារម្ភជុំវិញការចេញសេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ដែលចាត់ទុកការចុះផ្សាយព័ត៌មាន ថាជា «ការញុះញង់» និង «ការរំលោភអំណាច»

ខេត្តកំពង់ចាម៖ ស្ថាប័នសារព័ត៌មាន សង្គមស៊ីវិល និងអ្នកជំនាញច្បាប់ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការ និងការចេញសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានចាត់ទុកការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មានជុំវិញភាពមិនប្រក្រតី និងការខ្វះខាតបច្ចេកទេសនៃការសាងសង់ផ្លូវ ថាជាសកម្មភាព «ញុះញង់» និង «រំលោភអំណាច»។

កាលពីខែកញ្ញា ឆ្នាំ២០២៦ សារព័ត៌មានឈ្មោះ BDN TV Online និង ECTV News 24Hs បានចុះផ្សាយ និងឡាយផ្ទាល់ ដោយបានលើកឡើងពីភាពមិនប្រក្រតី ការខ្វះខាតបច្ចេកទេស និងការសង្ស័យលើតម្លាភាពនៃការអនុវត្តគម្រោងសាងសង់ផ្លូវនៅក្នុងមូលដ្ឋានឃុំទំនប់ ដែលអនុវត្តដោយ ក្រុមហ៊ុន វ៉េង លាប។

ជាការឆ្លើយតប រដ្ឋបាលឃុំទំនប់បានចេញសេចក្តីបំភ្លឺព័ត៌មាន ជាផ្លូវការមួយដើម្បីច្រានចោលការចោទប្រកាន់ ដោយអះអាងថា រដ្ឋបាលឃុំបានតាមដានពិនិត្យគម្រោងជាប្រចាំ និងថាភាពខ្វះខាតបច្ចេកទេសតូចតាចខ្លះកើតឡើងដោយអចេតនា រដ្ឋបាលឃុំបានបង្គាប់ឱ្យ ក្រុមហ៊ុន «វ៉េង លាប» ធ្វើការកែសម្រួលត្រង់ចំណុចខ្វះខាតរួចរាល់ហើយ។

ទោះជាយ៉ាងណា គេសង្កេតឃើញថា ក្នុងលិខិតបំភ្លឺដដែលនោះ រដ្ឋបាលឃុំបាន ស្នើឱ្យសារព័ត៌មានលុបចោលការផ្សាយ និងបន្តចាត់ទុកការផ្សព្វផ្សាយថាជាចេតនាបង្កការច្របូកច្របល់ និងជាសកម្មភាពបំផុសឲ្យមានការ «ញុះញង់» និងជាការ «រំលោភអំណាច» នៃការគ្រប់គ្រងក្នុងដែនដីរដ្ឋបាលរបស់ខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្សបានលើកឡើងថា ទោះបីជារដ្ឋបាលឃុំមានសិទ្ធិក្នុងការចេញសេចក្តីបំភ្លឺដើម្បីការពារកេរ្តិ៍ឈ្មោះ ឬបំភ្លឺការពិតក៏ដោយ ការប្រើប្រាស់ភាសាផ្លូវការចោទប្រកាន់ការចុះផ្សាយរបស់អ្នកសារព័ត៌មានថាជា «ការញុះញង់» និង «ការរំលោភអំណាច» គឺជាការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ភាពមិនប្រក្រតីក្នុងសង្គម ព្រោះវាប៉ះពាល់ដល់ចំណុចគន្លឹះសំខាន់ៗពីរ៖

១. ការការពារសេរីភាពសារព័ត៌មាន និងតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំង៖ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិពេញលេញក្នុងការស្វែងរកព័ត៌មាន និងឃ្លាំមើលការខុសត្រូវសាធារណៈ ដើម្បីធានាថាថវិកាជាតិ ឬថវិកាអភិវឌ្ឍន៍មូលដ្ឋានត្រូវបានប្រើប្រាស់ចំគោលដៅ មានគុណភាព និងតម្លាភាព។ ការដាក់បន្ទុកមកលើអ្នកសារព័ត៌មានពេលចុះផ្សាយរឿងអសកម្ម អាចបង្កើតជា «បរិយាកាសភ័យខ្លាច» ដែលធ្វើឱ្យអ្នកសារព័ត៌មានមិនហ៊ានលាតត្រដាងពីភាពអសកម្មផ្សេងៗទៀត។

២. តួនាទីស្ថាបនា និងការលុបបំបាត់ភាពមិនប្រក្រតី៖ តាមរយៈការពិតនៃការចុះផ្សាយរបស់អ្នកសារព័ត៌មាននេះហើយ ទើបជំរុញឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធមានការភ្ញាក់រលឹក និងឈានដល់ការបង្គាប់ឱ្យ ក្រុមហ៊ុន វ៉េង លាប ធ្វើការកែសម្រួលចំណុចខ្វះខាតបច្ចេកទេសផ្លូវថ្នល់ឡើងវិញ។ ដូច្នេះសកម្មភាពចុះផ្សាយនេះ មិនមែនជាការញុះញង់បំផ្លាញនោះទេ ប៉ុន្តែជាកាតព្វកិច្ចក្នុងន័យស្ថាបនា ដើម្បីធានាគុណភាពការងារសាធារណៈ និងទប់ស្កាត់ការខាតបង់ថវិកាជាតិ។

សង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាមទារឱ្យមានកិច្ចសហការគ្នាដោយភាពស្មោះត្រង់ ការបើកចិត្តទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងការផ្ដល់តម្លៃដល់តួនាទីសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់ភាសាបដិសេធន៍ ឬការដាក់បន្ទុកផ្លូវចិត្ត និងផ្លូវច្បាប់មកលើអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មបម្រើផលប្រយោជន៍សាធារណៈ និងការពារទ្រព្យសម្បត្តិរដ្ឋ៕

Post a Comment

أحدث أقدم