អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ជម្រុញឱ្យមន្ត្រី ក.ប.ប. បង្កើនការចុះត្រួតពិនិត្យ ទប់ស្កាត់ទំនិញក្លែងក្លាយ និងសាច់បង្កកខុសច្បាប់

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ចាម ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្ត បានដាក់បទបញ្ជា ដល់សាខា ក.ប.ប. ខេត្តកំពង់ចាម ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងការចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ និងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ជាពិសេសគឺប្រភេទសាច់បង្កកខុសច្បាប់ ដែលគ្មានប្រភពច្បាស់លាស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងគោលបំណងការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងខេត្តទាំងមូល សូមណែនាំដល់មន្ត្រី ក.ប.ប. បង្កើនការចុះត្រួតពិនិត្យតាមទីផ្សារ ឃ្លាំងស្តុក ដោយត្រូវចុះពិនិត្យ និងស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ គ្រឿងឧបភោគបរិភោគ តាមបណ្តាផ្សារនានា និងតាមដានដេប៉ូចែកចាយ ឬឃ្លាំងស្តុកសាច់បង្កក។
ក្នុងករណីរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬសាច់បង្កកអត់ច្បាប់ មន្ត្រីជំនាញត្រូវដកហូត កម្ទេចចោល និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ និងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ដោយគ្មានការលើកលែង។ លើសពីនេះត្រូវបន្តអប់រំ និងណែនាំដល់អាជីវករ ឱ្យយល់ដឹងពីកាតព្វកិច្ចផ្លូវច្បាប់ ដោយមិនត្រូវលក់ដូរទំនិញក្លែងក្លាយ ឬសាច់បង្កកដែលគ្មានលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នជំនាញនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើសទិញម្ហូបអាហារ និងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើជួបប្រទះការចែកចាយទំនិញ ឬសាច់បង្កកដែលសង្ស័យថាខុសច្បាប់៕









No comments