ប្រជាពលរដ្ឋស្នើឱ្យលោកស្រី ឈី រ៉ា អភិបាលខេត្តកោះកុង យកចិត្តទុកដាក់ការពារ និងសង្រ្គោះឆ្នេរសមុទ្រ ដែលត្រូវបានបុគ្គលឯកជនចាក់អាចម៌ដីរំលោភប្លន់យកធ្វើជាកម្មសិទ្ធិ នៅស្រុកស្រែអំបិល

ខេត្តកោះកុង៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីការហាមចាក់អាចម៌ដីរំលោភបំពានយកសម្បត្តិរបស់រដ្ឋយ៉ាងណាក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនតូចនៅតែមិនគោរពនៅឡើយទេ។
ជាក់ស្តែងនៅត្រង់ចំណុច ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង សង្កេតឃើញសកម្មភាពរបស់ក្រុមឡានដឹកអាចម៌ដីជាច្រើនគ្រឿង បានដឹកជញ្ជូនចាក់ដីលុបឆ្នេរសមុទ្រយ៉ាងសកម្មបំផុត ដោយមិនមានវត្តមានអាជ្ញាធរមន្ត្រីជំនាញណាម្នាក់ហ៊ានចេញមុខទៅអន្តរាគមន៍ទប់ស្កាត់នោះទេ។
សកម្មភាពចាក់ដីប្លន់យកឆ្នេរសមុទ្រ ជាលក្ខណៈជំហ ពីបុគ្គលមានអំណាចទឹកប្រាក់ ថែមទាំងគ្មានការហាមឃាត់ពីមន្ត្រីអាជ្ញាធរ ត្រូវបានសាធារណៈមតិដាក់ការសង្ស័យថា សកម្មភាពដ៏គឃ្លើនមួយនេះអាចជាមានការចូលរួមគំនិតបើកភ្លើងខៀវពីសំណាក់ អភិបាលស្រុកស្រែអំបិល គឺលោក ជា ច័ន្ទកញ្ញា។
យ៉ាងណាពាក់ព័ន្ធករណីនេះអភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា ខាងសារព័ត៌មានយើង មិនអាចសុំការបកស្រាយបំភ្លឺបាននោះទេ ជុំវិញសកម្មភាពប្លន់យកឆ្នេរសមុទ្រជាលក្ខណៈជំហមួយកន្លែងនេះ ដោយសារលេខទូរស័ព្ទលោក ជា ច័ន្ទកញ្ញា 015233238 ហៅចូលមិនមានការទទួលឆ្លើយតប។
ប្រជាពលរដ្ឋជាច្រើនស្នើសុំយ៉ាងទទូចទៅកាន់លោកស្រី ឈី រ៉ា អភិបាលខេត្តកោះកុង សូមមេត្តាយកចិត្តទុកដាក់ការពារ និងជួយសង្រ្គោះឆ្នេរសមុទ្រ ដែលត្រូវបានបុគ្គលឯកជនចាក់ដីរំលោភប្លន់យកធ្វើជាកម្មសិទ្ធិនៅស្រុកស្រែអំបិលខាងលើនេះផង! និងសូមលោកស្រីមេត្តាបង្កើតគណៈកម្មការចុះស្រាវជ្រាវដើម្បីឈានដល់វិធានការច្បាប់ ទៅលើបុគ្គលពាក់ព័ន្ធក្នុងអំពើមួយនេះ៕










No comments